រយៈពេល ១ ខែហើយ ដែលតារាចម្រៀងរ៉េប RuthKo បានចាកចេញគ្មានថ្ងៃត្រឡប់ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងនោះ ១ ខែ តែដូចជា ១ ថ្ងៃ ដោយសារក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រនៅតែមិនអាចបំភ្លេចលោក RuthKo បាននៅឡើយ។
ជាក់ស្តែង ក្រឡេកទៅមើលតារាចម្រៀងរ៉េប KingChi ដែលរាប់អានគ្នានឹងលោក RuthKo ដូចបងប្អូនបង្កើត និង ជាបុគ្គលដែលទៅឃើញសាកសពលោក RuthKo ថ្ងៃជួបគ្រោះថ្នាក់មុនគេ គឺនៅតែបង្ហាញអារម្មណ៍ នឹករឭក និង យំរាល់ពេលឱ្យតែពោលដល់ឈ្មោះលោក RuthKo។
ក្នុងនោះកាលពីយប់ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ពោលគឺរយៈពេល ១ ខែគត់ នៃការបាត់បង់ប្អូនប្រុសជាទីស្រឡាញ់ តារាចម្រៀងរ៉េប KingChi បានបង្ហោះសារមួយឃ្លាថា ៖ «ហ៊ឺម! មួយខែហើយ បងខ្ជិលសួរសុខទុក្ខហែងណាស់ ព្រោះដឹងថាហែងសុខហើយ។ ចំណែកបងវិញសុខខ្លះទុក្ខខ្លះ ហ៊ើយ។ បងនឹកហែងណាស់ហ្អា៎! ដឹងកាលបានឈប់នឹកទេហ្អា៎?»៕