អ្នកគាំទ្រ និង តាមដានតារាចម្រៀងប្រុស ជា សុជាតិ សមាជិកក្រុមចម្រៀង «ក្មេងខ្មែរ» ច្បាស់ជាបានជ្រាបហើយ ពាក់ព័ន្ធនឹងជីវិតអាពាហ៍ពិពាហ៍របស់លោក ជាមួយនឹងអតីតអ្នកគ្រប់គ្រង គឺអ្នកនាង រឹម លក្ស្មី ហាក់ទទួលព្យុះភ្លៀង ខណៈមានបុគ្គលមួយចំនួនតូច បានពោលពាក្យមិនសមរម្យពាក់ព័ន្ធនឹងរូបសម្រស់របស់អ្នកនាង។
គេចាំបានថា ក្រោយពីរៀបការរួចភ្លាម លោក ជា សុជាតិ បានឆ្លើយតបតាមរយៈកម្មវិធីកម្សាន្តមួយ ដោយលោកមិនគិតពីពាក្យសម្តីអ្នកដទៃថា ភរិយាលោកមិនស្អាត មិនស័ក្តិសមនឹងលោកនោះទេ តែលោកស្រឡាញ់ភរិយារបស់លោក។
ថ្មីៗនេះ ក្រោយពីភរិយាលោក ជា សុជាតិ សម្រាលបុត្រដំបូងនៃចំណងអាពាហ៍ពិពាហ៍ហើយនោះ ក៏មានមតិស្រដៀងៗគ្នា និង បង្អាប់ពីរូបសម្រស់របស់ភរិយាលោក ជា សុជាតិ ជាថ្មី រហូតធ្វើឱ្យមហាជនជាច្រើនផ្ទុះប្រតិកម្មជំនួសដល់គូស្វាមីភរិយាខាងលើទៀតផង។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការប្រើពាក្យមិនសមរម្យលើរូបសម្រស់របស់ខ្លួនហើយនោះ ភរិយា លោក ជា សុជាតិ ក៏បានឆ្លើយតបដែរថា អ្នកនាងមិនខ្វល់ពីពាក្យសម្តី និង ប្រកាន់អ្នកថានោះឡើយ ព្រោះនាងមានស្វាមី ដែលស្រឡាញ់ យល់ចិត្ត មើលថែនាងសព្វគ្រប់បែបយ៉ាងហើយ។
ដោយឡែក ក្រឡេកទៅមើលតារាចម្រៀងរ៉េបផ្នែកនារី កញ្ញា តី ម្ចាស់បទ «តីវាយម៉ាលុយ» ឯណោះវិញ ក៏បានចេញមកបញ្ចេញមតិ ព្រមទាំងពោលពាក្យច្រណែនភរិយាលោក ជា សុជាតិ ដែលមានស្វាមីល្អ។ ក្នុងនោះ កញ្ញា តី បានរៀបរាប់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ខ្ញុំវិញឡើងច្រណែនគាត់ បានប្តីស្អាត ឆ្លាត ពូកែ មានសីលធម៌ រួសរាយរាក់ទាក់ ចេះដាក់ខ្លួន ជាពិសេសត្រង់ស្រលាញ់គាត់ជាគាត់។ ជូនពរបងទាំងពីរ មានសុខភាពល្អ និង សុភមង្គល»៕