ក្រោយពីទទួលបានការគាំទ្រ និង ការជឿជាក់យ៉ាងខ្លាំងរបស់ Coach RuthKo កាលលោកនៅមានជីវិត ដែលបានជ្រើសរើស OG Golden ធ្វើជាកូនក្រុម ពេលនេះក្តីស្រមៃរបស់ RuthKo បានសម្រេចហើយ ដោយ OG Golden បានក្លាយទៅជាម្ចាស់ជ័យលាភី Rapper Fighter រដូវកាលទី ១។
ក្រោយពីទទួលបានលទ្ធផលខាងលើហើយនោះ មហាជនអ្នកគាំទ្រក៏បានចូលរួមអបអរសាទរដល់ OG Golden ជាបន្តបន្ទាប់ ដោយម្ចាស់ជ័យលាភី Rapper Fighter រដូវកាលទី ១ រូបនេះពិតជាមិនធ្វើឱ្យគ្រូខកបំណងនោះឡើយ។
ងាកទៅកាន់អតីតកាលរបស់ម្ចាស់ជ័យលាភី Rapper Fighter រដូវកាលទី ១ OG Golden ឯណោះវិញ មានអ្នកគាំទ្រមួយចំនួនបានជ្រាបហើយថា មុននឹងចាប់ផ្តើមចូលប្រឡូកក្នុងវិស័យចម្រៀងរ៉េប និង ដាក់ពាក្យប្រកួតកម្មវិធីខាងលើនេះ លោកគឺជាអ្នកដឹកម្ហូបឱ្យក្រុមហ៊ុនមួយក្នុងទីក្រុងភ្នំពេញ។
តួយ៉ាង កាលពីសប្ដាហ៍ទី ០២ វគ្គ FIGHTER STRIKE កន្លងទៅ លោក OG Golden ក៏ធ្លាប់បានលើកយករឿងរ៉ាវក្នុងនាមជាអ្នកដឹកម្ហូបមកផលិតជាចម្រៀង ប្រកួតលើឆាក Rapper Fighter ផងដែរ ហើយបទចម្រៀងរបស់ម្ចាស់ជ័យលាភីរូបនេះ ទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ហើយក៏ទទួលបានការកោតសរសើរពីគ្រូបង្វឹកដទៃទៀតដែរ៕