ពិតណាស់ ស្របពេលបានត្រៀមខ្លួនរួចជាស្រេចក្នុងដំណើរការប្រកួតលើឆាកអន្តរជាតិ MU 2025 បវរកញ្ញាកម្ពុជា ហ្វីយ៉ាតា ក៏បានប្រកាសពីថ្ងៃចេញដំណើរទៅប្រកួត ដែលនាងនឹងឡើងយន្តហោះទៅប្រទេសថៃដើម្បីចូលកងប្រកួតនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះហើយ។

ដោយឡែក ស្រាប់តែមកដល់នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ អ្វីដែលធ្វើឱ្យមហាជនគាំទ្រវិស័យបវរកញ្ញាកំពុងផ្ទុះចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ខណៈបានឃើញហ្វេសប៊ុកផេកក្រុមហ៊ុនដែលគ្រប់គ្រងស្ថានភាព Miss Universe Cambodia បានចេញលិខិតប្រកាសស្ដីពីការមិនទទួលខុសត្រូវលើការចេញទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសថៃរបស់បវរកញ្ញា ហ្វីយ៉ាតា ទៅវិញ។



ក្នុងនោះ តាមលិខិតប្រកាសបានឱ្យដឹងថា ក្រុមហ៊ុនគ្រប់គ្រង MUC ប្រកាសឡើង ដោយសារកន្លងមកខាងក្រុមហ៊ុនបានធ្វើការទាក់ទង អ្នកនាង ហ្វីយ៉ាតា តាមមធ្យោបាយផ្សេងៗ ដើម្បីចូលរួមប្រជុំពិភាក្សាពីការចូលរួមប្រកួតកម្មវិធី Miss Universe ប៉ុន្តែត្រូវបានម្ចាស់មកុដរូបនេះ ធ្វើការបដិសេធ។ ជុំវិញការពិភាក្សានេះ គឺក្រុមហ៊ុនចង់រក្សាតំណែងរបស់អ្នកនាង ហ្វីយ៉ាតា ទៅប្រកួតនៅឆ្នាំ ២០២៦ វិញ ដោយសារស្ថានភាពប្រទេសកម្ពុជា និង ថៃ នៅមិនទាន់វិលមករកសភាពដើម ១០០ ភាគរយ ដូចនេះ ប្រសិនបើមានហានីភ័យកើតឡើងលើបវរកញ្ញាតំណាងកម្ពុជា ឬប៉ះពាល់ដល់ប្រទេសទាំងសងខាងនោះ ក្រុមហ៊ុនមិនទទួលខុសត្រូវនោះឡើយ៕


