ពិតជារឿងមួយដែលគួរឱ្យអាសូរទ្រូងម្តាយណាស់ ដែលខំប្រាប់កូនប្រុសឱ្យធ្វើកិច្ចការផ្ទះសិន ចាំទៅមើលទូរទស្សន៍តាមក្រោយ ស្រាប់តែកូនកើតខឹងអន់ចិត្ត ក៏រត់ទៅចងកស្លាប់បាត់។
ហេតុការណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ នៅរដ្ឋ Himachal Pradesh ប្រទេសឥណ្ឌា។ ក្មេងប្រុសខាងលើនេះ មានវ័យ ១៤ ឆ្នាំ ជាសិស្សថ្នាក់ទី ៨ នៃវិទ្យាល័យ។ នៅថ្ងៃកើតហេតុគេត្រូវបានម្តាយស្តីបន្ទោសឱ្យធ្វើកិច្ចការសាលាឱ្យរួចរាល់សិន ទើបចាំមើលទូរទស្សន៍តាមក្រោយ តែក្មេងប្រុសនេះក៏កើតការខឹងអន់ចិត្ត រួចក៏ចេញពីផ្ទះបាត់ទៅ។
គ្រួសារ និង សាច់ញាតិនាំគ្នាតាមរកក្មេងប្រុសរូបនេះដោយក្តីបារម្ភ ស្រាប់តែមានញាតិម្នាក់បានដើរទៅក្នុងផ្ទះមួយខ្នងដែលគេទុកចោល ហើយក៏ឃើញថាក្មេងប្រុសខាងលើបានចងកស្លាប់នៅក្នុងនោះបាត់ទៅហើយ ដែលធ្វើឱ្យម្តាយ និង គ្រួសារនាំគ្នាភ្ញាក់ផ្អើលសោកស្តាយជាខ្លាំង។ យ៉ាងណាមិញ សពរបស់ក្មេងប្រុសរូបនេះ ត្រូវបានប៉ូលិសបញ្ជូនទៅធ្វើការត្រួតពិនិត្យ ដែលលទ្ធផលក៏បញ្ជាក់ថាគេពិតជាបានចងកសម្លាប់ខ្លួនពិតមែន ប៉ុន្តែយ៉ាងណាក៏ដោយខាងប៉ូលិសនឹងបន្តស៊ើបរឿងនេះឱ្យល្អិតល្អន់ជាងនេះផងដែរ៕