កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក Miss Universe 2025 លើកទី ៧៤ ដែលប្រព្រឹត្តឡើងនៅប្រទេសថៃ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានរកឃើញម្ចាស់ជ័យលាភីគ្រងមកុដថ្មី Miss Universe ប្រចាំឆ្នាំ ២០២៥ នេះហើយ គឺបានទៅលើបវរកញ្ញាមកពីប្រទេសម៉ិកស៊ិក។


ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រនេះដែរ ចំពោះបវរកញ្ញាកម្ពុជាយើង គឺអ្នកនាង ហ្វីយ៉ាតា ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាពិតជាមានក្ដីរំភើប និង មោទកភាពខ្លាំងបំផុតចំពោះអ្នកនាង ដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យលើឆាកលំដាប់ពិភពលោកមួយនេះ។


ដ្បិតតែបវរកញ្ញាកម្ពុជា មិនអាចមានឱកាសបោះជំហានចូល Top ណាមួយនៃកម្មវិធី Miss Universe 2025 នេះមែន ប៉ុន្តែអ្នកនាង ហ្វីយ៉ាតា ក៏ធ្វើបានយ៉ាងអស្ចារ្យអស់ពីសមត្ថភាព និង ចាត់ទុកជាកំណត់ត្រាថ្មីមួយនៃកម្ពុជា ជាស្រ្ដីដ៏មានឥទ្ធពលមួយរូបអាចនាំយកទង់ជាតិកម្ពុជាទៅកាន់ឆាកកម្មវិធីលំដាប់ពិភពលោកដ៏អស្ចារ្យក្នុងកាលៈទេសៈដ៏លំបាក ដែលជាទីមោទកភាពបំផុតសម្រាប់វិស័យបវរកញ្ញាកម្ពុជា។


យ៉ាងណាមិញ ក្រោយពីបានបញ្ចប់ការប្រកួតយ៉ាងរលូន បវរកញ្ញា ហ្វីយ៉ាតា ចុះពីលើឆាកប្រកួតភ្លាម ក៏បានឃើញអ្នកនាងបង្ហោះសារមួយលើហ្វេសប៊ុកបង្ហាញការសុំទោសទៅកាន់មហាជន ព្រមទាំងបង្ហាញពីឆន្ទៈយ៉ាងមានន័យ។ ក្នុងនោះ បវរកញ្ញា ហ្វីយ៉ាតា បង្ហោះរៀបរាប់ថា ៖ «I am so proud of us and next time My CAMBODIA.. we won’t give up។ I’m so sorry everyone…» ដែលសារមានអត្ថន័យថា ៖ «ខ្ញុំមានមោទកភាពណាស់ លើកក្រោយកម្ពុជាយើងនឹងមិនចុះចាញ់ទៀតទេ។ ខ្ញុំសុំទោសអ្នកទាំងអស់គ្នា»៕




