កាលពីថ្មីៗកន្លងទៅនេះ មានរឿងរ៉ាវនៅក្រៅប្រទេសមួយត្រូវបានចែករំលែក ដោយមានករណីរបស់បុរសជនជាតិចិនវ័យ ២៩ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែការស្លាក់ឆ្អឹងត្រី។
តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុបុរសរូបនេះបានទទួលទានអាហារ ហើយបានស្លាក់ឆ្អឹងត្រីដែលមានប្រវែងប្រហែល ៥ សង់ទីម៉ែត្រ។ បុរសនេះបានផឹកទឹកខ្មេះ ហើយក៏បានលេបបាយ ដោយជឿថាអាចនឹងជួយឱ្យឆ្អឹងត្រីទន់របេះទៅបាន ប៉ុន្តែនៅពេលស្អែកឡើងស្រាប់តែលេបទឹកមាត់ពិបាក និង ក្អួតចេញឈាម ហើយក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលរូបគេក៏បានស្លាប់នៅវេលាក្រោយមក។
ករណីនេះ ត្រូវបានគ្រូពេទ្យឱ្យដឹងថា ឆ្អឹងត្រីបានធ្លុះចូលទៅដល់បំពង់អាហារ និង សរសៃឈាមក្រហមធំរបស់អ្នកជំងឺ ទើបបណ្តាលឱ្យបាត់បង់ជីវិត។ ដោយឡែក គ្រូពេទ្យបានឱ្យដឹងថា បើសិនជាមានការស្លាក់ឆ្អឹងត្រី គួរតែប្រញាប់មករកគ្រូពេទ្យជាបន្ទាន់ ចៀសវាងការជួបករណីដូចបុរសខាងលើនេះ៕
ប្រភព៖ Khaosod