កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ ផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហោះការជូនដំណឹងដល់ម្ចាស់គណនី Tik Tok ឈ្មោះ ម៉ាក់នី វីតាមីនបំបាត់ជាំ ដែលគេស្គាល់ថា ជាអ្នកលក់អនឡាញមានប្រជាប្រិយមួយរូប ធ្វើការសុំទោសជាបន្ទាន់ បន្ទាប់ពីបង្ហោះវីដេអូពាក់ព័ន្ធនឹងការឃាត់ខ្លួន Love Riya។
ក្នុងវីដេអូ ម៉ាក់នី វីតាមីនបំបាត់ជាំ បាននិយាយថា «ចាប់កូនស្រីពៅគាត់ ភ្លៀងលិចស្ទះផ្លូវអញអស់ហើយ ទៅចាប់កូនស្តេចភុជង្គនាគ មិនឱ្យគាត់ខឹងយ៉ាងម៉េច ឥលូវភ្លៀងលិចត្រឹមជង្គង់ហើយ»។
ក្នុងនោះដែរ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានជូនដំណឹងទុកពេល ២៤ ម៉ោង ឱ្យម្ចាស់គណនី Tik Tok ខាងលើធ្វើវីដេអូ សុំទោសសាធារណជនជាបន្ទាន់។ ប្រសិនបើបុគ្គលខាងលើមិនធ្វើវីដេអូ សុំទោសនោះទេ សមត្ថកិច្ចជំនាញនឹងចាត់ការតាមនីតិវិធី។
យ៉ាងណាមិញ ក្រោយស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចេញសេចក្តីប្រកាសខាងលើ ម្ចាស់គណនី Tik Tok ឈ្មោះ ម៉ាក់នី វីតាមីនបំបាត់ជាំ ក៏បានបង្ហោះវីដេអូធ្វើការសុំទោសរួចរាល់នៅយប់ថ្ងៃដដែល និង បានលុបវីដេអូនោះចោលហើយដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖