កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីអគ្គិភ័យមួយ បានឆាបឆេះទៅលើផ្ទះវីឡាដ៏ស្កឹមស្កៃមួយខ្នងរបស់អ្នកលក់អនឡាយ និង ហាយសូរជនជាតិឡាវមួយរូប ដែលបណ្តាលឱ្យនាងស្លាប់នៅក្នុងផ្ទះគួរឱ្យអណោចអាធម៌។
តាមព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះថា Wilaikham វ័យ ៣១ ឆ្នាំ ជាអ្នករកស៊ីលក់អនឡាញដ៏ល្បីនៅក្នុងប្រទេសឡាវ ដែលមានប្រ៊េនដ៏ល្បីផ្ទាល់ខ្លួន។ ដោយឡែក ហេតុការណ៍អគ្គិភ័យនេះ បានចាប់ផ្តើមឆាបឆេះយ៉ាងលឿននៅម៉ោង ៥ ព្រឹក នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ដែលមានឡានពន្លត់អគ្គិភ័យចំនួន ៥ គ្រឿង រួមជាមួយនឹងកម្លាំងចំនួន ២០ នាក់ បានចុះមកអន្តរាគមន៍ផងដែរ ហើយក្រោយក៏ពន្លត់អគ្គិភ័យបានសម្រេច តែមិនអាចជួយជនរងគ្រោះបានឡើយ។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងទៀតថា ស្វាមីរបស់ជនរងគ្រោះបានគេចចេញមកបាន តែនាងមិនអាចចេញបាន ព្រោះប្រហែលជានៅជាប់នៅជាន់ទី ២ ក្នុងផ្ទះ។ ខណៈនេះនៅមិនទាន់មានការទម្លាយមូលហេតុនៃអគ្គិភ័យនេះឡើយ តែខាងអាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេត៕
ប្រភព៖ Sanook