នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ មន្ទីរព័ត៌មានខេត្តព្រះវិហារ បានជូនដំណឹងឱ្យបានដឹងថា កម្លាំងចម្រុះប្រឆាំងបទល្មើសរត់ពន្ធ រួមមានមន្ត្រីគយខេត្តព្រះវិហារ សហការជាមួយមន្ត្រីគយ នៃការិយាល័យស្រាវជ្រាវ និង បង្ក្រាបបទល្មើសរត់ពន្ធតំបន់ ៥ សាខាគយ និង រដ្ឋាករខេត្តកំពង់ធំ រួមទាំងកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការបង្ក្រាប បទល្មើសនាំចូលទំនិញគេចពន្ធបានដោយជោគជ័យ នៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥។
ចំពោះប្រតិបត្តិការនេះ កម្លាំងចម្រុះបានឃាត់រថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A-2243 ខណៈបើតាមការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារបានរកឃើញទំនិញគេចពន្ធដូចខាងក្រោម៖
– ផ្លែដូងក្រអូប: ចំនួន ២,៨៥០ ផ្លែ ស្មើនឹងប្រមាណ ១,៥០០ គីឡូក្រាម។
– ទឹកដូងច្រកដប: ចំនួន ២៨០ ដប ស្មើនឹងប្រមាណ ៤២០ លីត្រ។
– សាច់ដូង: ចំនួន ២៤ គីឡូក្រាម។
បន្ទាប់ពីការសាកសួរ និង ស្រាវជ្រាវយ៉ាងលម្អិតពីមន្ត្រីគយ គឺបានរកឃើញថា ដូងក្រអូបទាំងអស់នេះ ត្រូវបានលួចនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ រួចបន្តនាំចូលមកកម្ពុជាតាមទូក ដោយឆ្លងកាត់កំពង់ចម្លងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយគ្មានឯកសារបង់ពន្ធនាំចូលត្រឹមត្រូវ ដែលជាបទល្មើសគេចពន្ធទាំងស្រុង។ បច្ចុប្បន្នរថយន្ត និង វត្ថុតាងដែលចាប់បានទាំងអស់ ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាស្រុកឆែប ដើម្បីធ្វើកំណត់ហេតុល្មើស និង បន្តនីតិវិធីស្របតាមច្បាប់គយជាធរមាន៕