ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងឱ្យបានដឹងថា ខាងធនាគារជាតិនៃកម្ពុជាបន្តប្តូរប្រាក់រៀលចាស់ ទក់ ឬ រហែក ជាប់ជាប្រចាំ នៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស ខណៈកាលពីកន្លងទៅ ធនាគារជាតិនៃកម្ពុជា សាខាខេត្តកំពង់ធំ បានប្តូរប្រាក់រៀលថ្មី ជូនពលរដ្ឋម្នាក់រស់នៅក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលប្រាក់សន្សំរបស់គាត់បានឆេះខូចខាត ដោយសារភ្លើងឆេះផ្ទះ។
យ៉ាងណាមិញ ចំពោះការអនុវត្តប្តូរប្រាក់រៀលចាស់ ទក់ ឬ រហែក ជាប់ជាប្រចាំ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ច្បាស់ៗឱ្យបានដឹងថា ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និង គោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។
អាស្រ័យហេតុនេះ សាធារណជនទាំងអស់អាចបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬ រហែក យកប្រាក់រៀលថ្មី ដោយមិនគិតកម្រៃសេវា នៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការ៕
ប្រភព ៖ ធនាគារជាតិ នៃកម្ពុជា