មរណភាពរបស់តារាសម្តែងដ៏ល្បី លោក អ៊ុន សិទ្ធា បានធ្វើឱ្យមហាជន ជាពិសេស អ្នកក្នុងចង្កោមសិល្បៈ ហាក់មានការតក់ស្លុតជាខ្លាំង ដោយហេតុ លោកបានចាកចេញទៅលឿនរហ័ស ទាំងមិនមានពាក្យលា។

ជាដំណឹងទទួលយកសឹងមិនបាន លោកជំទាវ នៅ សុនិតា ដែលជាតារាសម្តែងរួមគ្នាយូរឆ្នំាំ ស្រលាញ់រាប់អានដូចបងប្អូន ក៏បានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែក នូវរបស់សំខាន់មួយដែល លោក អ៊ុន សិទ្ធា បានឱ្យផ្ញើទុកនឹងលោកជំទាវ តែគួរឱ្យសោកស្តាយ មិនទាន់បានយកជូនលោកផង លោកបែរជាមានដំណឹងអកុសលទៅវិញ។

តាមការបង្ហោះរូបភាព និង វីដេអូរបស់ លោកជំទាវ នៅ សុនិតា លិខិតដែល លោក អ៊ុន សិទ្ធា ផ្ញើទុកនឹងលោកជំទាវ គឺជាលិខិត ថ្លែងអំណរគុណពីឧបនាយករដ្ឋមន្ត្រី មន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ចំពោះ លោក អ៊ុន សិទ្ធា ដែលបានចូលរួមផ្សព្វផ្សាយយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ៖ «សុខភាពកុមារ និង ជាតិដែក» ដើម្បីរួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែកលើកុមារ។

នៅក្នុងវីដេអូ លោកជំទាវ ក៏បានបង្ហាញរូបភាពយកលិខិតនេះទៅដល់កន្លែងពិធីបុណ្យសពផងដែរ។ ភ្ជាប់គ្នានេះ លោកជំទាវបានសរសេររៀបរាប់យ៉ាងស្រងោចចិត្តថា៖ «លិខិតថ្លែងអំណរគុណបង ខ្ញុំយកមកជូនបង ថ្ងៃដែលបងលែងបើកភ្នែករហូតហើយ។ បងថាទុកសិនទៅចាំជួបចាំឱ្យបង ពេលនេះបានជួបបងហើយ គឺខ្ញុំជួបបងក្នុងសភាពបែបនេះ។

អង្គុយកាត់វីដេអូបណ្តើរយំបណ្តើរ អនុស្សាវរីយ៍ជាមួយបងច្រើនណាស់ «មីអូនមានកម្មវិធីជាតិអញ្ជើញបងផង បងស្រលាញ់សិល្បៈវប្បធម៌ខ្មែរណាស់ បងចង់ដើរតួស្វា បងចង់ដើរតួមេទ័ព»។ ប្អូនបំពេញតាមបំណងបងហើយ ម៉េចបងមិនរស់នៅឱ្យយូរជាងនេះ»៕