នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះនូវលទ្ធផលនៃកិច្ចប្រជុំជាមួយនឹងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឯកឧត្តម Phumtham Wechayachai ក្រោយជំនួបចរចាមួយបានកើតឡើង ជុំវិញភាពតានតឹងនៅព្រំដែន។
លទ្ធផលនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម ទៀត សីហា បានលើកឡើងចំនួន ៣ ចំណុចសំខាន់ៗ ដោយចំណុចទី ៣ ឯកឧត្តមបានបញ្ជាក់ថា ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំណុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។
ក្នុងចំណុចទី ៣ នេះដែរ លម្អិតថា ៖ «ដរាបណាភាគីថៃ នៅប្រើផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំណុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជាសម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង ៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង ប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និង កំណត់ព្រំដែនជាក់លាក់។ កម្ពុជាមានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និង តម្កល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ។ ក្នុងនោះភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំណុចទាំង ៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ យើងក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំណុចដទៃៗទៀតនាថ្ងៃខាងមុខ»។
គួរឱ្យដឹងដែរថា កិច្ចប្រជុំខាងលើរវាងឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង ឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានធ្វើឡើងនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ៕
សូមអានលទ្ធផលនៃកិច្ចប្រជុំទាំងស្រុងខាងក្រោម៖