ខណៈអ្នកដឹកនាំឬអ្នករកស៊ីជាច្រើនលើកឡើងថា ពួកគេគ្មានពេលសម្រាប់ការកម្សាន្ត តែវាពិតជាចាំបាច់ ដែលពួកគេគប្បីបែងចែកពេលវេលាឱ្យមានតុល្យភាព ពោលធ្វើការផង ឆ្លៀតពេលកម្សាន្តខាងក្រៅផង ទើបធ្វើឱ្យការដឹកនាំកាន់តែមានប្រសិទ្ធភាព។ ការកម្សាន្តអាចកសាងជំនាញផ្សេងៗ និង ចំណេះដឹងគោល ក្នុងនោះរាប់តាំងពីសកម្មភាពសាមញ្ញៗដូចជា៖ ការដើរលម្ហែ, រត់, អានសៀវភៅ រហូតដល់ដំណើរផ្សងព្រេងជាដើម។ ចំណោមការកម្សាន្តល្អសម្រាប់អ្នកដឹកនាំ គេបានណែនាំសកម្មភាពចំនួន ៥ ដូចខាងក្រោម៖
១. រត់ម៉ារ៉ាតុងឬហាត់ប្រាណ
ជាធម្មតា ការរត់យើងនឹងរុញច្រានខ្លួនឯងឱ្យប្រឹងប្រែង លះបង់ និង បោះជំហានទៅកាន់គោលដៅ។ អ្នករត់ជាច្រើនបានលើកឡើងថា នៅពេលកំពុងរត់ ពួកគេអាចគិតបានល្អជាងមុន ជាពិសេស ការរត់នៅពេលព្រឹក វាអាចជួយបំផុសការគិតថ្មីៗ សម្រាប់ជាវិធីដោះស្រាយបញ្ហានៅកន្លែងការងារ ឬវិធីសាស្ត្រថ្មីៗសម្រាប់ប្រកួតប្រជែងជាលក្ខណៈអាជីព។ បើអ្នកចង់រត់បែបប្រកួតប្រជែង អាចចូលរួមការរត់ម៉ារ៉ាតុង តែបើចង់សាមញ្ញ អាចត្រឹមការហាត់ប្រាណដែលធ្វើឱ្យអារម្មណ៍រីករាយដូចជា៖ ហែលទឹក ជិះកង់ ហាត់សាច់ដុំ ឬហាត់យូហ្គាជាដើម។ មួយក្នុងចំណោមនោះ ការហាត់គុនអាចជួយបង្កើនរាងកាយមាំមួន បង្កើនទំនុកចិត្ត និង មានវិន័យខ្លួនឯង។ ចំណែក សកម្មភាពបែបអត្តពលិកវិញ អាចជំរុញស្មារតី និង ថាមពលប្រចាំថ្ងៃ ដែលមិនត្រឹមតែធ្វើឱ្យអ្នកងាយស្រួលដឹកនាំក្រុមប៉ុណ្ណោះទេ តែថែមទាំងពូកែបត់បែន នៅពេលមានអ្វីមួយថ្មីចូលមកផងដែរ។
២. សកម្មភាពសិល្បៈ
ការគិតច្នៃប្រឌិតជាគុណភាពដ៏មានសារសំខាន់សម្រាប់អ្នកដឹកនាំគ្រប់រូប។ ការគូរគំនូរ សូនរូប តន្ត្រី រាំ ឬទស្សនាការសម្តែង សុទ្ធតែអាចជួយឱ្យអ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា។ ជាក់ស្តែង សិល្បៈអាចបង្រៀនអ្នកឱ្យចាកចេញពីការគិតតែមួយជ្រុង ការគិតដដែលៗ ឬគំនិតចាស់គំរឹល។
៣. កម្សាន្តខាងក្រៅ
ចាកចេញពីបន្ទប់ត្រជាក់ រូបភាពដដែលៗ ដោយចេញទៅកម្សាន្តនៅមជ្ឈដ្ឋានខាងក្រៅជាមួយធម្មជាតិ។ វាធ្វើឱ្យអ្នកល្អទាំងសុខភាពផ្លូវកាយ សន្តិភាពចិត្ត និង អាចអភិវឌ្ឍន៍ជំនាញភាពជាអ្នកដឹកនាំ។ បើអ្នកចូលចិត្តកម្សាន្តបែបទីទួលខ្ពស់ៗ អាចកម្សាន្តជាការឡើងភ្នំ បោះតង់ឬជិះកង់។ ការឡើងភ្នំទាមទារភាពរឹងមាំ កម្លាំង ការពុះពារ ការគិតបែបយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យការឆ្ពោះទៅកាន់គោលដៅប្រកបដោយសុវត្ថិភាព ជាពិសេសមានប្រយោជន៍សម្រាប់អ្នកឧស្សាហ៍ធ្វើការថែមម៉ោង។
៤. ចូលរួមការងារស្ម័គ្រចិត្ត
ការចូលរួមការងារស្ម័គ្រចិត្ត ប្រៀបបានការឱ្យរង្វាន់ដល់ខ្លួនឯង។ កាលណាជួយអ្នកដទៃ អ្នកក៏កំពុងតែរីកចម្រើនខ្លួនឯង។ អ្នកនឹងរៀនអរគុណនូវអ្វីដែលអ្នកមាន និង របៀបដែលផ្តល់ឱ្យទៅអ្នកដទៃដោយមិនរំពឹងការតបស្នង។ ការងារស្ម័គ្រចិត្តអាចមានដូចជា ការជួយជនក្រីក្រ បរិច្ចាគទៅកាន់កុមារកំព្រា បង្រៀន ឬជាអ្នកនិយាយសារធារណៈចែករំលែកចំណេះដឹង និង បទពិសោធ។ សកម្មភាពដោយមិនទាមទារអ្វីត្រលប់មកវិញ វានឹងកសាងអ្នកក្លាយជាដឹកនាំដ៏ល្អ។
៥. អានសៀវភៅ
មិនថាអ្នកអានដើម្បីរីករាយឬដើម្បីអាជីវកម្ម ការអានជាវិធីអស្ចារ្យបំផុតដើម្បីសម្រាក និង ផ្តោតអារម្មណ៍ក្នុងចិត្ត។ ការអានអាចបណ្តុះគំនិតច្នៃប្រឌិត ព្រោះអ្វីដែលបានអាន វាអាចបំផុសគំនិតសម្រាប់ការគិតផ្លូវថ្មី មានប្រយោជន៍ចំពោះការប្រកួតប្រជែង ដែលប្រឈមនៅកន្លែងធ្វើការ ឬជួនតួអង្គដែលអ្នកកំពុងអាន អាចជាគំរូសម្រាប់នាំផ្លូវផងដែរ។ ការអានជួយអភិវឌ្ឍន៍ពាក្យថ្មីៗ និង ការលើកទឹកចិត្ត ដូច្នេះអ្នកជំនាញបានផ្តល់ដំបូន្មាន ហោចណាស់គួរបង្កើតទម្លាប់អាន ២០ នាទីក្នុងមួយថ្ងៃ រាប់តាំងពីអត្ថបទឬសៀវភៅបែបវិទ្យាសាស្ត្រ រហូតដល់ការគ្រប់គ្រងហិរញ្ញវត្ថុ។ ការចូលរួមក្នុងក្លឹបអ្នកអានឬសហគមន៍អ្នកអាន ក៏អាចជួយឱ្យរីកចម្រើនភាពជាអ្នកដឹកនាំផងដែរ។ ជាសមាជិកនៃក្លឹបអ្នកអាន អ្នកនឹងបានពិភាក្សា ក៏ដូចជាផ្លាស់ប្តូរគំនិតគ្នាជាមួយអ្នកដទៃជាប្រចាំ។ ចងចាំថា ជាអ្នកដឹកនាំត្រូវដឹងពីរបៀបនិយាយ ទន្ទឹមគ្នានឹងដឹងពីរបៀបស្តាប់ ដែលវាពិតជាមានសារសំខាន់។
ជារួមមក ការភ្ជាប់ខ្លួនទៅនឹងការកម្សាន្ត មិនត្រឹមតែល្អចំពោះសុខុមាលភាពទេ តែថែមទាំងល្អចំពោះអាជីពរបស់អ្នកផងដែរ។ ការកម្សាន្តក្រៅការងារ អាចជួយការពារការនឿយហត់ពីកន្លែងធ្វើការ ជួយឱ្យមកធ្វើការរាល់ថ្ងៃស្រស់ស្រាយ បង្កើតអ្វីដែលថ្មី និង ត្រៀមខ្លួនរួចរាល់ប្រឈមជាមួយអ្វីដែលនឹងកើតឡើង។ ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលនិយាយថា គ្មានពេលសម្រាប់ការកម្សាន្ត អ្នកគួរចងចាំនូវច្បាប់ដ៏សំខាន់មួយរបស់សហគ្រិន និង អ្នកដឹកនាំអាជីព នោះគឺ «បង្កើតពេលវេលា»៕
ប្រភព៖ gordontredgold