បើគិតមកដល់ពេលនេះ រយៈពេលប្រមាណ ៤ ឆ្នាំ កន្លះមកហើយ ដែលអតីតតារាសម្តែង និង ពិធីការិនី លោកជំទាវ លីឈី បានបញ្ចប់លើអាជីពសិល្បៈ ដោយសាងគ្រួសាររៀបការនឹងឧកញ៉ា ប៊ុន រតនា អតីតអ្នកដឹកនាំដ៏ល្បីមួយរូប។
ក្រោយពីបញ្ចប់អាជីពសិល្បៈទាំងស្រុង ជំទាវ លីឈី និង ស្វាមីបានសម្រុកពេញដៃក្នុងការបើកមុខជំនួយនានា មានទាំងហ្គារ៉ាស់លក់ឡាន និង ហាងលក់ផលិតផលសម្រស់យីហោ Ly Chee Brand ថែមទៀត។ លើសពីនោះ ក្នុងឆ្នាំថ្មីនេះដែរ អតីតគូស្វាមីអ្នកសិល្បៈមួយគូនេះ ត្រៀមនឹងទទួលស្វាគមន៍សមាជិកថ្មី ជាកូនទី ៣ នៃចំណងអាពាហ៍ពិពាហ៍ទៀតផង។
យ៉ាងណាមិញ ក្រោយបញ្ចប់អាជីពសិល្បៈអស់ជាច្រើនឆ្នាំក្តី មួយរយៈក្រោយនេះ លោកជំទាវ លីឈី និង លោកឧកញ៉ា ប៊ុន រតនា ក៏បានចេញមកផលិតរឿងខ្លីៗបែបអប់រំ និង កំប្លុកកំប្លែងជាបន្តបន្ទាប់ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។
ក្នុងនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ រឿងភាគចុងក្រោយ ដែលលោកជំទាវ លីឈី បានផលិតនោះ គឺរឿង «ជីវិតស្ត្រី ប្តីអាត្មានិយម» ដែលផលិតឡើងពីរឿងរ៉ាវពិតរបស់ស្ត្រីម្នាក់ ត្រូវបានស្វាមីមើលរំលង និង ធ្វើបាបខណៈនាងលែងស្រស់ស្អាតដូចមុន។ មិនត្រឹមតែប៉ុណ្ណោះ ខ្សែភាពយន្តភាគនេះដែរ ផលិតឡើងក្នុងន័យអប់រំ និង ក្រើនរំឭកដល់នារីៗ ឱ្យចេះស្រឡាញ់ មើលថែខ្លួនឯងថែមទៀតផង។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ រឿង «ជីវិតស្ត្រី ប្តីអាត្មានិយម» ដែលមានការសម្តែងផ្ទាល់ពីលោកជំទាវ លីឈី និង លោកឧកញ៉ា ប៊ុន រតនា នោះ ក៏មានការចូលរួមសម្តែងជាកិត្តិយសពីឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង ដែលជាទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបង្រៀននៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ថែមទៀតផង៕