កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវក្តៅគគុក កើតឡើងទៅកាន់ក្រុមគ្រួសាររបស់តារាចម្រៀងរ៉េប ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស ក្រោយផេក «អាក្លូ» បានបង្ហោះវីដេអូ ប្រើពាក្យសម្តីប៉ះពាល់ដល់កូនរបស់នាង។
ក្នុងនោះ ផេក «អាក្លូ» បានផលិតវីដេអូបែបកំប្លែង Troll ដោយការបញ្ជូលសំឡេងដូចសព្វមួយដង ក្នុងវីដេអូមួយមានចំណងជើងថា «Diss រាក់កំភែល» ដោយធ្វើឱ្យមហាជនផ្ទុះប្រតិកម្ម ជាពិសេស ក្រុមគ្រួសាររបស់លោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស មិនអាចលើកលែងបាន ខណៈផេកខាងលើបានប្រើពាក្យមួយឃ្លាប៉ះពាល់យ៉ាងខ្លាំងដល់អូន Albert ថា «មិនដូចជាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ»។ យ៉ាងណាមិញ វីដេអូនោះក៏បានលុបចេញពីលើផេកហើយដែរ។
ក្នុងនោះ លោក ជី ដេវីត វិញ ក្រោយផ្ទុះរឿងខាងលើ បណ្តាលឱ្យប៉ះពាល់ផ្លូវចិត្តរបស់ភរិយា គឺអ្នកនាង ទេព បូព្រឹក្ស និង ក្រុមគ្រួសារនោះ លោកបានចេញសេចក្តីជូនដំណឹងជាសាធារណៈ ខណៈលោក កំពុងតែធ្វើការជាមួយមេធាវីចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ទៅកាន់ផេក «អាក្លូ»។
ដោយឡែក ងាកមកកាន់ អ្នកនាង ទេព បូព្រឹក្ស វិញ ក្រោយផេកខាងលើបាននិយាយពាក្យសម្ដីធ្វើឱ្យប៉ះពាល់អារម្មណ៍របស់អ្នកនាងយ៉ាងខ្លាំង រហូតធ្វើឱ្យអ្នកនាង Live វីដេអូ យំសស្រាក់ ឈឺចិត្ត ដែលគេនិយាយប៉ះពាល់កូនប្រុសបែបនេះ។
លើសពីនោះ នៅថ្ងៃដដែល អ្នកនាង ទេព បូព្រឹក្ស បានបង្ហោះសារសុំទោសកូនប្រុស និង សួរថា «កូននាងខុសអ្វី?» បានជាមានរឿងបែបនេះ មកលើរូបកូនមិនចេះចប់ មិនចេះហើយ។ ក្នុងនោះ អ្នកនាង ទេព បូព្រឹក្ស រៀបរាប់ថា ៖ «បញ្ចវរាប ឱ្យម៉ាក់សុំទោសណាកូន! កូនខ្ញុំខុសអី បានត្រូវពួកអ្នកមួយចំនួនប្រមាថ មើលងាយគ្នាតាំងពីពេលចាប់កំណើតមក តាំងពីមិនទាន់បានឃើញពន្លឺថ្ងៃ រហូតដល់លូវនេះទៀត? ម៉ាក់ជឿជាក់ថា កូនម៉ាក់ធំឡើងនឹងជាមនុស្សល្អ ចេះសណ្តោងប្រណី មានចិត្តមេត្តា និង មិនធ្វើឱ្យនរណាម្នាក់ឈឺចាប់ ទេព បញ្ចវរាប – Albert»៕