កាលពីរាត្រីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ កម្មវិធី Rapper Fighter បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ និង បានរកឃើញម្ចាស់ពានហើយ ដោយបានទៅលើ OG Golden ដែលជាកូនក្រុមរបស់ Coach RuthKo ខណៈ Rango ជា Top 2។
ក្នុងនោះដែរ ខណៈកម្មវិធីពោរពេញដោយកម្លាំង នៃការបង្ហាញសមត្ថភាពរបស់បេក្ខជន Top 5 និង ការបង្ហាញការសម្តែងពី Coach ទាំង ៤ និង Music Producer នោះ មហាជន អ្នកទស្សនាក៏បានក្តុកក្តួលដូចគ្នា ស្របពេលកម្មវិធីមិនមានវត្តមានរបស់ coach RuthKo នោះ។
យ៉ាងណាមិញ បើទោះជាគ្មានវត្តមានលើឆាកប្រកួតវគ្គផ្តាច់ព្រ័ត្រ Rapper Fighter ក្តី តែរូបភាព និង សំឡេងរបស់ RuthKo បានបន្លឺឡើងនៅលើឆាក ក្នុងបទចម្រៀងរួមគ្នារបស់ Coach ទាំង ៥ និង បទចម្រៀង «West Side» ដែលជាការសម្តែងរបស់ វុទ្ធា។ លើសពីនោះទៅទៀត Coach KingChi ក៏បានយកសម្លៀកបំពាក់របស់ RuthKo យកមកពាក់ថែមទៀតផង។
ដោយឡែក ក្រឡេកទៅអ្នកម្តាយរបស់លោក RuthKo ឯណោះវិញ បើទោះជាគ្មានវត្តមានកូននៅលើឆាកក្តី តែអ្នកម្តាយរូបនេះបានរៀបចំបាច់ផ្កាជូនកូន ដោយមានផ្កាកុលាបចំនួន ២៥ ទង និង ផ្កាឈូកចំនួន ២៥ ទង តំណាងឱ្យកូនប្រុសថែមទៀតផង៕