ឮថាចៅជិតឃ្លាតឆ្ងាយទៅធ្វើការនៅជប៉ុន យាយប្រមូលលុយខំសន្សំមកឱ្យចៅ ឃើញហើយរំជួលចិត្ត
ពាក្យចាស់ពោលថា ៖ «ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង» ហើយអ្នកដែលមានលោកយាយ លោកតា មុខជាបានដឹងពីអត្ថន័យឃ្លានេះច្បាស់ ព្រោះតែដូនតាចាស់ៗភាគច្រើនតែងបង្ហាញចេញនូវសេចក្ដីបារម្ភ នឹករលឹកចៅ និង គិតគូរដល់ចៅជានិច្ច។
ជាក់ស្ដែងថ្មីៗនេះ មានការចែករំលែកពេញបណ្ដាញសង្គមវៀតណាម ក្រោយយុវជនម្នាក់បានទៅសួរសុខទុក្ខជីដូនខ្លួន ហើយប្រាប់ដំណឹងដែលខ្លួនត្រៀមឃ្លាតឆ្ងាយប្រទេសទៅរស់នៅ និង ធ្វើការនៅជប៉ុនមួយរយៈ។
ក្រោយដឹងដំណឹងថាចៅប្រុសជិតទៅក្រៅប្រទេសភ្លាម លោកយាយរូបនោះហាក់មិនស្ទាក់ស្ទើរបានយកក្រដាសប្រាក់មកឱ្យចៅ ដែលនោះជាលុយគាត់សន្សំទុកសម្រាប់ការចាយវាយផ្ទាល់ខ្លួន ហើយថែមទាំងឱ្យប្រាក់ជាច្រើន ព្រមទាំងពោលថា ៖ «យកប៉ុន្មានក៏យកទៅចៅ ទៅជប៉ុនមុខជាចំណាយលុយច្រើនណាស់ ចៅយកទៅចុះ»។
វីដេអូមួយនេះ ក៏ត្រូវបានចែករំលែកពេញបណ្ដាញសង្គមពីគណនីមួយទៅគណនីមួយ ដោយគ្រប់គ្នាបង្ហាញពីការនឹករឭកដល់យាយតាខ្លួន ហើយខ្លះក៏ពោលថា ៖ «ការស្រឡាញ់របស់យាយតាពិតជាកាត់ថ្លៃមិនបាន ហើយពេលមើលវីដេអូនេះធ្វើឱ្យមានអារម្មណ៍កក់ក្ដៅណាស់ នឹកយាយ»៕