ថ្មីៗនេះ មានការសិក្សាមួយបានរកឃើញថា មនុស្សដែលគេងពេលយប់ ហើយតែងតែឧស្សាហ៍យល់សប្តិអាក្រក់ញឹកញាប់ អាចនឹងឆាប់អាយុខ្លីជាងមនុស្សដែលគេងលក់ស្កប់ស្កល់រហូតដល់ទៅ ៣ ដង។
ការសិក្សាមួយនេះ បានដឹកនាំដោយលោកវេជ្ជបណ្ឌិត Abidemi Otaiku មកពី Imperial College London និង វិទ្យាស្ថានស្រាវជ្រាវជំងឺវង្វេងនៃចក្រភពអង់គ្លេស ដោយមានការចូលរួមពីមនុស្សចំនួន ១៨៥ ៤៤១ នាក់ មានទាំងកុមារចាប់ពីវ័យ ៨ ឆ្នាំ ដល់ ១០ ឆ្នាំ និង មនុស្សពេញវ័យចាប់ពី ២៦ ឆ្នាំ ដល់ ៨៦ ឆ្នាំ ហើយបានប្រើប្រាស់រយៈពេលអស់ ១៩ ឆ្នាំទើបបានបញ្ចប់។
លទ្ធផលនៃការសិក្សាបានរកឃើញថា អ្នកដែលគេងយល់សប្តិអាក្រក់ច្រើនជាង ២ ដងក្នុងមួយសប្តាហ៍ មានហានិភ័យនៃការស្លាប់មុនអាយុ (មុនអាយុ ៧០ ឆ្នាំ) រហូតដល់ ៥៩.៣ ភាគរយ ចំណែកអ្នកដែលគេងយល់សប្តិអាក្រក់ ១ ដងក្នុងមួយសប្តាហ៍ មានហានិភ័យនៃការស្លាប់មុនអាយុ ៥០.៥ ភាគរយ ហើយអ្នកដែលគេងយល់សប្តិ ១ ដងក្នុងមួយខែ មានហានិភ័យត្រឹម ៤៦.២ ភាគរយ។
តាមការឱ្យដឹង ការយល់សប្តិអាក្រក់គឺជំរុញដល់អរម៉ូនស្ត្រេស (Cortisol) វាធ្វើឱ្យកោសិកាចុះខ្សោយ និង រារាំងដំណើរការជួសជុលរបស់រាងកាយ ហើយខួរក្បាលឆ្លើយតបទៅកាន់ការយល់សប្តិទាំងនោះ ដូចជាការប្រទះហេតុការណ៍អាក្រក់ក្នុងជីវិតពិតដូច្នោះឯង៕
ប្រភព៖ Sanook