ក្ដៅៗ! ករណីបង្ហោះលក់ផ្លាកចេញ-ចូលស្នងការ សាមីខ្លួនសារភាពថាគ្រាន់មានបំណងផុសអួតមិត្តភក្តិប៉ុណ្ណោះ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ នេះ បានចេញសេចក្តីបកស្រាយបកបំភ្លឺ បន្ទាប់ពីបានឃើញវីដេអូបង្ហោះតាមបណ្តាញសង្គម Tik Tok ទាក់ទងទៅនឹងម្ចាស់គណនីឈ្មោះថា Tik Tok Fan Dy 9828 ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដែលបានបង្ហោះខ្លឹមសារ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ ថា ៖ «បងប្អូនត្រូវការផ្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឬ ក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន»។
ចំពោះរឿងនេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក ហួរ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងកោះហៅលោកអនុសេនីយ៍ឯក ម៉ិច មាស អត្តលេខ ៨៦៩០៤ មកបកស្រាយបំភ្លឺករណីនេះ។ ក្រោយពីធ្វើការសាកសួររួចរាល់ លោកបានសារភាពថារូបលោកពិតជាបានបង្ហោះខ្លឹមសារខាងលើពិតប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួតដល់មិត្តភក្តិដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ។
ក្រោយមក សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និង ដាក់វិន័យរដ្ឋបាល ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និង ដកមកបញ្ឈរជើងរយៈពេល ០៣ ខែ ហើយត្រូវបង្ហាញមុខនៅផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខជារៀលរាល់ថ្ងៃ៕