កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ មានហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងរបស់ក្រុមអាកាសចរ Air India ដែលចេញពីប្រទេសឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុង London ប្រទេសអង់គ្លេស បណ្តាលឱ្យអ្នកដំណើរជាង ២០០ នាក់ បានស្លាប់បាត់បង់ជីវិតគួរឱ្យរន្ធត់ជាពន់ពេក។

យ៉ាងណាមិញ នៅក្នុងសំណាងដ៏អាក្រក់នេះ ខាងសារព័ត៌មាន Hindustantimes បានឱ្យដឹងថា មាននារីម្នាក់មានសំណាងនៅមានជីវិត ដោយសារយន្តហោះចេញចោល ព្រោះនាងទៅយឺតជាង ១០ នាទី។ តាមសាមីខ្លួនបានរៀបរាប់ឱ្យដឹង ក្នុងថ្ងៃកើតហេតុនាងត្រូវធ្វើដំណើរចេញពីទីក្រុង Ahmedabad ទៅកាន់ទីក្រុង London តាមរយៈយន្តហោះដែលកើតហេតុខាងលើនេះ ប៉ុន្តែដោយសារស្ទះផ្លូវពេក នាងក៏មកដល់យឺតជាង ១០ នាទី ហើយយន្តហោះក៏ចេញចោលនាងបាត់ទៅ។

មួយសន្ទុះក្រោយមក ស្រាប់តែនាងបានឃើញព័ត៌មានថា យន្តហោះដែលនាងបម្រុងនឹងជិះបានធ្លាក់ ធ្វើឱ្យរន្ធត់ចិត្តជាខ្លាំង និយាយអ្វីក៏មិនចេញដែរ ខួរក្បាលនាងទទេទាំងអស់ នាងមិនដឹងថាបរិយាយអារម្មណ៍នេះយ៉ាងណា។ នាងពិតជាអរគុណដល់ព្រះជាម្ចាស់ និង ព្រះគណេសដែលបានជួយជីវិតនាងនៅក្នុងហេតុការណ៍នេះ៕



ប្រភព៖ Khaosod