នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងអំពីការដាក់ពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍ ក៏ដូចជាឯកសារភ្ជាប់ សម្រាប់ស្នើសុំរៀបអាពាហ៍ពិពាហ៍ និង ការចុះបញ្ជីអាពាហ៍ពិពាហ៍ផងដែរ។

ក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឱ្យដឹងថា ចំពោះការដាក់ពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍ បុរស នារី ដែលមានបំណងរៀបអាពាហ៍ពិពាហ៍ ត្រូវដាក់ពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍ទៅ មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ-សង្កាត់ នៅរដ្ឋបាលឃុំ-សង្កាត់ ដែលបុរសរស់នៅ ឬ រដ្ឋបាលឃុំ-សង្កាត់ ដែលនារីរស់នៅ។ ក្នុងនោះ ចំពោះឯកសារភ្ជាប់សម្រាប់ស្នើសុំរៀបអាពាហ៍ពិពាហ៍មានដូចជា ៖
– សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
– អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន
– លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល ដែលចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
– លិខិតបញ្ជាក់ភាពនៅលីវ ឬ មេម៉ាយ ឬ ពោះម៉ាយ
– សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ ឬ លិខិតបញ្ជាក់ទីលំនៅ។

ក្រោយស្នើរសុំ គឺឈានដល់ការប្រកាសផ្សាយជាសាធារណៈអំពីអាពាហ៍ពិពាហ៍ ខណៈបណ្ណប្រកាសអាពាហ៍ពិពាហ៍ ត្រូវបិទផ្សាយជាសាធារណៈ ដោយធ្វើឡើងជាប់គ្នាជាបន្តបន្ទាប់ក្នុងរយៈពេល ១០ (ដប់)ថ្ងៃ ដើម្បីឱ្យជនដែលមានផលប្រយោជន៍ អាចប្តឹងជំទាស់អាពាហ៍ពិពាហ៍នេះបាន។ ប្រសិនបើគ្មានការប្តឹងជំទាស់ អាពាហ៍ពិពាហ៍អាចធ្វើឡើងគ្រប់ពេលវេលា នៅក្នុងរយៈពេល ៦ ខែ គិតចាប់ពីថ្ងៃដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍។

បន្ទាប់ពីនេះ ចំពោះការចុះបញ្ជីអាពាហ៍ពិពាហ៍ គឺក្រោយផុតរយៈពេល ១០ ថ្ងៃនៃការប្រកាសផ្សាយជាសាធារណៈអំពីអាពាហ៍ពិពាហ៍ខាងលើ បុរស-នារី អាចស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍បាន នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ-សង្កាត់ ដែលបានទទួលពាក្យសុំរៀបអាពាហ៍ពិពាហ៍នោះ ដោយនាំទៅជាមួយនូវសាក្សី២រូប ជានីតិជន ខណៈការចុះបញ្ជីអាពាហ៍ពិពាហ៍ មានរយៈពេល ៣(បី) ថ្ងៃ នៃថ្ងៃការងារ៕


