រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រុមហ៊ុន Marketing Solutions Asia, Ltd. ឬ ត្រូវបានគេស្គាល់ថា MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជា បានរៀបចំនូវកម្មវិធីប្រគល់ថវិកាជូនដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ក្រោមការគិតគូរ និង ទឹកចិត្តសប្បុរសរបស់លោក សុខ គីមនិតតា អគ្គនាយកក្រុមហ៊ុន MSA បានដឹកនាំក្រុមការងារនាំយកកញ្ចប់ថវិកាចំនួន ៤០ លានរៀល ទៅកាន់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
ថវិកាទាំងអស់នេះបានមកពីការរួមចំណែកដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន ហើយក៏ជាការចូលរួមចំណែកដោយប្រយោលពីសំណាក់អតិថិជន និង អ្នកផ្គត់ផ្គង់ទាំងអស់ដែលបាន និង កំពុងសហការការងារជាមួយក្រុមហ៊ុន MSA។ ការបរិច្ចាគនេះ ជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តបេសកកម្មជួយសង្គ្រោះកុមារកម្ពុជាជាច្រើននាក់បន្តទៀតបានផងដែរ។
កម្មវិធីក្នុងថ្ងៃនេះ MSA ធ្វើឡើងក្នុងគោលបំណងចែករំលែកសេចក្ដីស្រលាញ់ និង អំពើល្អ ព្រមទាំងជំរុញទឹកចិត្តដល់ស្ថាប័នឯកជន វិនិយោគិន ម្ចាស់អាជីវកម្មខ្នាតតូច-ធំ និង ប្រជាជនទាំងអស់ដែលមានលទ្ធភាព ឱ្យចូលរួមបរិច្ចាគទាំងអស់គ្នាដើម្បីជួយគាំទ្រសុខុមាលភាពរបស់កុមារ ដើម្បីអនាគតប្រទេសជាតិយើង។
លោក សុខ គីមនិតតា អគ្គនាយកក្រុមហ៊ុន MSA បានមានប្រសាសន៍ថា ៖ «ខណៈដែលស្ថានភាពសេដ្ឋកិច្ចពុំទាន់ល្អប្រសើរនៅឡើយយ៉ាងណាក្ដីក៏ MSA នៅតែបន្តរក្សាជំហយ៉ាងមោះមុត និង ពង្រឹងគុណភាពការងាររបស់ខ្លួនជូនដល់អតិថិជនដែលជាដៃគូសហការទាំងអស់ប្រកបដោយប្រសិទ្ធភាព។ យើងជឿជាក់ថា ក្រុមហ៊ុនរបស់យើងនៅតែជាក្រុមហ៊ុនឈានមុខ និង បន្តទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់អតិថិជន ដើម្បីយើងមានលទ្ធភាពចូលរួមក្នុងការងារសប្បុរសធម៌ផ្សេងទៀត ដែលមានប្រយោជន៍ចំពោះសង្គមជាតិបានកាន់តែច្រើន»។
ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន MSA ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលជឿជាក់លើ MSA ក្នុងការសហការប្រកបដោយចក្ខុវិស័យវិជ្ជមានដើម្បីរីកចម្រើនរួមគ្នា៕