នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជន អំពីដំណោះស្រាយ ក្នុងករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ជាក់ស្ដែង ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ពីដំណោះស្រាយដូចខាងក្រោម៖
១. សាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់ និង ពាក្យស្នើសុំទុតិយតា (ស្នើសុំបោះពុម្ពឡើងវិញ) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីលំនៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង (បើមាន)។ ករណីមិនចាំលេខអត្តសញ្ញាណប័ណ្ណដែលបាត់ សូមភ្ជាប់បន្ថែមសេចក្តីចម្លងសំបុត្រកំណើត និង សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។
២. ទីតាំងដែលត្រូវយកពាក្យបណ្តឹងបាត់ និង ពាក្យស្នើសុំទុតិយតា មកដាក់ស្នេីសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណឡើងវិញបាន នៅទីតាំងណាមួយដូចខាងក្រោម ៖
– ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នៃទីលំនៅអចិន្ត្រៃយ៍
– អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌនៃទីលំនៅអចិន្ត្រៃយ៍
– ស្នងការដ្ឋាននគរបាលរាជធានី ខេត្តនៃទីលំនៅអចិន្ត្រៃយ៍
– ទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណផ្សារអុីអន២សែនសុខ ឬ អ៊ីអន៣ មានជ័យ
– នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានទីតាំងនៅ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៣. រយៈពេលទទួលបានគឺ ២១ ថ្ងៃនៃថ្ងៃធ្វើការ។
សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ នឹងមានមន្ត្រីជំនាញរង់ចាំទទួលផ្តល់ព័ត៌មាន និង ដោះស្រាយជូន៕