ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បាន និង កំពុងចាប់អារម្មណ៍នឹងការចែករំលែកសារជាបន្តបន្ទាប់របស់លោកស្រី អ៊ឹង គីមលាង កូនស្រីថៅកែផលិតកម្មរស្មីហង្សមាស ក្នុងគោលបំណងបញ្ជាក់ពីកម្មសិទ្ធិបញ្ញានៃការផលិតចម្រៀង គឺជារបស់ផលិតកម្ម ១០០% បើទោះជាអ្នកច្រៀងមិនបានបន្តសហការនឹងផលិតកម្មក៏ដោយ។


បន្ទាប់ពីសារនោះដែរ គេក៏បានឃើញលោកស្រី អ៊ឹង គីមលាង បានបង្ហោះសារជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងរក្សាគោលជំហរនៃការរក្សាកម្មសិទ្ធិបញ្ញានៃបទចម្រៀង ព្រមទាំងបានបង្ហាញពីអារម្មណ៍ខកចិត្ត ខណៈដែលមិនទទួលបានការឱ្យតម្លៃក្នុងនាមជាផលិតកម្ម ដែលបណ្តុះបណ្តាលដល់តារាចម្រៀងឱ្យមានភាពល្បីល្បាញ។

ដោយឡែក ក៏មានសារមួយទៀត ក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍ដូចគ្នាដែរ ដោយកូនស្រីថៅកែផលិតកម្មរស្មីហង្សមាសរូបនេះ បានផ្តាំសិល្បករ ដែលបានចាកចេញពីផលិតកម្ម ហើយទៅកន្លែងថ្មីក្នុងន័យកុំយកបទចាស់ទៅប្រើ ដើម្បីតោងកាលីបអី។

សារនោះ លោកស្រី អ៊ឹង គីមលាង បានរៀបរាប់ថា៖ «តារាខ្លះក៏បានទៅកន្លែងថ្មី ខ្លះទៀតក៏ក្លាយជាអ្នតារាចម្រៀងឯករាជ្យ យកបទថ្មី ដែលខ្លួនថ្មីៗបានផលិតយកទៅប្រេីប្រាស់ទៅ អត់ចាំបាច់តោងកាលីបពីបទចាស់ៗ ព្រោះតារាមានទេពកោសល្យពីកំណេីតហេីយ»៕






