នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងឱ្យបានដឹងថា នាខែធ្នូខាងមុខនេះ នឹងមានព្រឹត្តិការណ៍ទេសចរណ៍កើតឡើង នៅក្នុងរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកោះកុង និង ខេត្តបាត់ដំបង។

ក្នុងនោះ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខ នឹងមានព្រឹត្តិការណ៍សាទរកម្ពុជា លើកទី២ នៅរាជធានីភ្នំពេញ ដែលនឹងធ្វើឡើងនៅទីតាំង វិមានឯករាជ្យជាតិ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្រៅពីនេះ ចំពោះព្រឹត្តិការណ៍ទេសចរណ៍ដែលកើតឡើងក្នុងខែធ្នូ មានដូចជា ៖
– ថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ នឹងមានពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា នៅរាជធានីភ្នំពេញ
– ថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែធ្នូ នឹងមានពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅរាជធានីភ្នំពេញ
– ថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ នឹងមានព្រឹត្តិការណ៍ដំណើរទេសចរណ៍ផ្សងព្រេងឡើងភ្នំតាក្រហមក នៅខេត្តពោធិ៍សាត់
– ថ្ងៃទី ៦ ខែធ្នូ នឹងមានមហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិកម្ពុជា-ចិន នៅខេត្តសៀមរាប
– ថ្ងៃទី ៧ ខែធ្នូ នឹងមានព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត នៅខេត្តសៀមរាប
– ថ្ងៃទី ៧ ខែធ្នូ នឹងមានកម្មវិធីរត់ប្រណាំងលើផ្លូវរត់យន្តហោះ នៅរាជធានីភ្នំពេញ
– ថ្ងៃទី ១៤ ខែធ្នូ នឹងមានព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីបុព្វហេតុជាតិ មាតុភូមិ នៅខេត្តកោះកុង
– ថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ នឹងមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបខ្មែរខេត្តបាត់ដំបង នៅខេត្តបាត់ដំបង
– ថ្ងៃទី ៣១ ខែធ្នូ នឹងមានព្រឹត្តិការណ៍សាទរកម្ពុជា លើកទី ២ នៅរាជធានីភ្នំពេញ៕
