ក្នុងរាត្រីគ្រងមកុដនៃកម្មវិធី Miss Teen Cambodia 2025 ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្រតាមដានវិស័យបវរកញ្ញា ក្រៅពីចែករំលែកអបអរដល់យុវតី ជូរី ល្អហួស ដែលក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដថ្មីនៃ MTC 2025 នាងក៏ត្រូវបានមហាជនចែករំលែកសរសើរនូវភាពក្លាហាន និង ឆន្ទៈដ៏មោះមុតរបស់នាង ក្នុងការប្រើសំឡេងនិយាយផ្សព្វផ្សាយពីអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា ក្នុងវគ្គឡើងសុន្ទរកថា Top ១០ នាក់ចុងក្រោយ។

ក្នុងនោះ ជូរី ល្អហួស បានលើកយកប្រធានបទ «២៤ កក្កដា ខ្មែររងការបាញ់ប្រហារពីថៃ» និយាយក្នុងវគ្គសុន្ទរកថាក្នុងកម្មវិធីប្រកួតនេះ ដោយនាងបានរៀបរាប់ពីអំពើឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាម្ដងហើយម្ដងទៀត បន្សល់តែក្ដីឈឺចាប់ដក់ជាប់ក្នុងចិត្តប្រជាជនកម្ពុជា ដែលបានបាត់បង់វីរជនពលីសាច់ស្រស់ឈាមស្រស់ និង រងការខូចខាតផ្ទះសម្បែងពលរដ្ឋជាច្រើន។


លើសពីនេះ ជូរី ល្អហួស ក៏បានលើកឡើងពីការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ បណ្ដាលឱ្យពលរដ្ឋស្លូតត្រង់របស់កម្ពុជារងរបួល និង បាត់បង់ជីវិត ដែលនាងនិយាយប្រកាសថ្កោលទោសដល់ប្រទេសថៃដែលរំលោភលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និង សូមអំពាវនាវដល់សមាគមអន្តរជាតិជួយដោះស្រាយរកយុត្តិធម៌ដល់កម្ពុជាផងដែរ។


ដោយឡែក ក្រោយពីផ្ទុះចែករំលែកនូវវីដេអូរបស់ ជូរី ល្អហួស ឡើងនិយាយសុន្ទរកថាជុំវិញប្រធានបទនេះ ក៏បានឃើញសារព័ត៌មានរបស់ថៃជាច្រើនបានចុះផ្សាយពីបវរកញ្ញាយុវតី ល្អហួស ដោយសារព័ត៌មានថៃទាំងនោះ មិនសុខចិត្តនឹងការលើកឡើងរបស់ ល្អហួស លើវេទិកាប្រកួត Miss Teen នេះ ថានាងបានចោទប្រកាន់លើប្រទេសថៃ ថាប្រទេសថៃបានរំលោភកិច្ចព្រមព្រៀងសន្តិភាព និង បានបាញ់ប្រហារលើកម្ពុជានៅភូមិព្រៃចាន់បណ្ដាលឱ្យមានពលរដ្ឋរងរបួស និង ស្លាប់នោះ គឺជារឿងមិនពិត។


គួររំឭកដែរថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ទាហានថៃ បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឱ្យពលរដ្ឋកម្ពុជាចំនួន ៣ នាក់រងរបួស និង បាត់បង់ជីវិត ១ នាក់ ក្នុងភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអួជ្រៅ ខេត្តបន្ទាយមានជ័យ៕


