ស្ងាត់ៗប្អូនស្រី រ៉េត សារីតា ត្រូវតែងតាំងជា Miss CosmoWorld Cambodia 2023 ទៅប្រកួតនៅម៉ាឡេស៊ី
ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបរួចមកហើយថា រ៉េត សារីតា បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០២០ មានប្អូនស្រីម្នាក់ដែលជាតារាសម្តែង ជាតារាម៉ូឌែល និង ធ្លាប់ប្រឡូកកម្មវិធីប្រកួតសម្រស់ផងដែរនោះគឺ រ៉េត ស្រីនាថ។
អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនៅរាត្រីម្សិលមិញនេះ ក្នុងកម្មវិធីបំពាក់មកុដបេក្ខភាពតំណាងឱ្យកម្ពុជាដែលរៀបចំឡើងដោយក្រុមហ៊ុន CIM ក្នុងនោះចំណោមអ្នកតំណាងចំនួន ៤ កម្មវិធី រ៉េត ស្រីនាថ ដែលជាប្អូនស្រីរបស់ រ៉េត សារីតា ត្រូវបានបំពាក់មកុដតែងតាំងក្លាយជា Miss CosmoWorld Cambodia 2023 ដែលនឹងចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ីនាខែវិច្ឆិកាខាងមុខ។
ជាមួយការតែងតាំង រ៉េត ស្រីនាថ ជា Miss CosmoWorld Cambodia 2023 លោក ម៉ែន និមលរតន៍ អង្គនាយកក្រុមហ៊ុន CIM បានលើកឡើងថា ៖ «ដោយសារតែពេលវេលាប្រថុចញ៉ុចពេក ទើបតម្រូវឱ្យយើងជ្រើសរើសបេក្ខភាពសម្រាប់តំណាងតែម្តង។ យើងឃើញ រ៉េត ស្រីនាថ មានភាពលេចធ្លោតាំងពីពេលគាត់ចាប់ផ្តើមសកម្មភាពនៅក្នុងកម្មវិធី Miss Cambodia 2023 ម្ល៉េះ គាត់ដើរស្អាត ចំណេះដឹងទូទៅល្អ សំខាន់ពូកែខ្លាំងភាសាបរទេស។ ការរៀបចំខ្លួនរបស់គាត់មើលទៅត្រៀមខ្លួនរួចរាល់ ដូច្នេះការចេញទៅប្រកួតនៅខែវិច្ឆិកាខាងមុខនេះ យើងជឿជាក់ថាគាត់នឹងធ្វើបានល្អបំផុត»។
ទាក់ទិននឹងចំណេះដឹង និង សមត្ថភាព រ៉េត ស្រីនាថ ក៏មិនចាញ់បងស្រីប៉ុន្មានឡើយ។ នាងមានអាយុ ២៦ ឆ្នាំ កម្ពស់ ១,៦៧ ម៉ែត្រ និង រៀបចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ។ នាងអាចនិយាយបានដល់ទៅ ៥ ភាសា គឺ អង់គ្លេស បារាំង ចិន ប៉ាគីស្ថាន និង ភាសាដើមកំណើត។ កន្លងមកនាងក៏ធ្លាប់បានចូលប្រកួតកម្មវិធី Miss Grand Cambodia 2017 ដោយជាប់នៅត្រឹមលំដាប់កំពូល ៦ នាក់ចុងក្រោយ៕