នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានជូនដំណឹងពីករណីឃាត់ខ្លួនចោរ ២ នាក់ប្ដីប្រពន្ធ ក្រោយជិះម៉ូតូឌុបគ្នាធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃពីយុវតីសិស្សសាលា ១ នាក់ ដោយសារតែអត់លុយបង់រំលោះថ្លៃម៉ូតូ។
ទាក់ទិនទៅនឹងករណីនេះ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ កម្លាំងនគរបាលបានបង្ក្រាបករណីជាក់ស្តែង អំពើឆក់ទូរស័ព្ទដៃ ១ គ្រឿងម៉ាក IPhone 12ProMax ពីជនរងគ្រោះ ១ នាក់ ភេទស្រី មុខរបរជាសិស្ស ចំណុចមុខសាលាអប់រំពិសេស។
ក្រោយធ្វើសកម្មភាពឆក់បានសម្រេច ជនរងគ្រោះក៏បានជិះដេញពីក្រោយស្រែកចោរៗ រហូតមកដល់ចំណុចរង្វង់មូលព្រែកសំរោង ជួបជាមួយកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗចំនួន ០២ នាក់ រួមនឹងវត្ថុតាងទូរស័ព្ទដៃ ២ គ្រឿងនិងម៉ូតូម៉ាក HondaDream ពណ៌ខៀវ ១ គ្រឿង ក្នុងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ចំណុចសាលាបឋមសិក្សា ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕