ជាទូទៅការផ្លាស់ប្ដូរយុគសម័យ តែងមានរយៈពេល ២០ ឆ្នាំម្ដង ដែលនាំឱ្យមានការផ្លាស់ប្ដូរឥរិយាបថនៃការរស់នៅ ក្នុងនោះ ឈានចូលក្នុងឆ្នាំ ២០២៤-២០២៥ នេះ ជាយុគថ្មី ដែលទើបតែផ្លាស់ប្ដូរ និង ឈានចូលមកដល់ ដែលត្រូវគេស្គាល់ថាជាយុគ ៩ ជាយុគភ្លើងផងដែរ។
ក្នុងនោះ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ តាមរយៈផេក My Destiny របស់អ្នកគ្រូណាលី ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកចំណេះដឹងមួយចំនួនអំពីយុគ ៩ ឱ្យបានដឹងថា ៖ «យុគ៩ គឺជាការគោចររបស់តារាសាស្រ្តដែលប្រតិកម្មជាមួយគ្នា ក្នុងរយៈពេល ២០ ឆ្នាំម្តង ដែលហៅថាមួយយុគ។ ទាំងអស់មានចំនួន ៩ យុគ រាប់គិតចាប់ពីយុគ ១ រហូតដល់យុគ ៩។ យុគ ៩ គឺយុគធាតុភ្លើងដូចនេះនឹងមានការរីកចម្រើនខ្លាំងទាក់ទងនឹងវិស័យធាតុភ្លើងដូចជាបច្ចេកវិទ្យា IT សិល្បៈភាពយន្ត និង ការរុករកអ្វីថ្មីៗជាដើម»។
គួរឱ្យដឹងផងដែរថា កន្លងមកអ្នកគ្រូណាលី ក៏ធ្លាប់បានលើកឡើងនូវការយល់ឃើញជាច្រើនអំពីយុគ ៩ ដែលអ្នកគ្រូធ្លាប់បញ្ជាក់ថា ៖ «យុគ៩ ជាយុគដែលបង្ហាញសេចក្ដីពិត អ្នកសម្ដែងធ្វើល្អលាក់គេមិនជិតទេ ព្រោះយុគភ្លើងនឹងដុតបំភ្លឺបង្ហាញសេចក្ដីពិតគ្រប់យ៉ាង»។ អ្នកគ្រូក៏ធ្លាប់លើកឡើងបន្ថែមថា «យុគ ៩ ជាយុគដែលមនុស្សល្អលេចធ្លោ ឯមនុស្សអាក្រក់ នឹងទទួលកម្មពៀរមិនចាំជាតិក្រោយឡើយ»៕