គិតត្រឹមថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ នេះ គឺសល់ពេលប្រមាណត្រឹមជាង ១០ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងចូលមកដល់នៅវេលាទៀបភ្លឺ ថ្ងៃច័ន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ០៤ និង ៤៨ នាទីទៀបភ្លឺ។
កៀកនឹងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់នេះផងដែរ គេសង្កេតឃើញ ខេត្តបាត់ដំបង និងខេត្តសៀមរាប បានត្រៀមរៀបចំជិតរួចរាល់ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលខេត្តទាំង ២ មានរៀបចំពាងខ្មែរ ចម្រុះពណ៌ តម្រៀបជាជួរ សម្រាប់ឱ្យភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិចូលរួមលេងទឹកកម្សាន្ត ក្នុងឱកាសសង្ក្រាន្តដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ នេះ តាមរយៈក្រសួងទេសចរណ៍បានផ្សព្វផ្សាយពីសង្ក្រាន្តមួយចំនួនដែលបានរៀបចំ ដែលបច្ចុប្បន្នមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ព្រឹត្តិការណ៍សង្ក្រាន្តតាកែវ ព្រឹត្តិការណ៍កំពតសង្ក្រាន្ត ព្រឹត្តិការណ៍សង្ក្រាន្តកោះកុង ព្រឹត្តិការណ៍សង្ក្រាន្តបន្ទាយមានជ័យ ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ព្រឹត្តិការណ៍ស្ទឹងត្រែងសង្ក្រាន្ត ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ព្រឹត្តិការណ៍សង្ក្រាន្តសែនមនោរម្យ ព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី និង នៅខេត្តមួយចំនួនទៀតដែលក្រសួងពុំទាន់បានផ្សព្វផ្សាយ ខណៈក្រសួងនឹងបន្តរៀបចំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍សង្ក្រាន្តនៅតាមបណ្តាខេត្តដែលនៅសេសសល់ជាបន្តបន្ទាប់៕
ប្រភពរូបភាព ៖ SIEM REAP VIBES និង បាត់ដំបងដែលខ្ញុំនឹក