មហាជននិយមតាមដានរឿងរ៉ាវសិល្បៈ ជាពិសេសពាក់ព័ន្ធនឹងម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា ច្បាស់ជាបានជ្រាបខ្លះៗមកហើយ នូវព្យុះភ្លៀងរឿងរ៉ាវអាស្រូវរបស់លោកជាបន្តបន្ទាប់។
យ៉ាងណាមិញ ក្រោយភ្លៀងមេឃស្រឡះហើយនោះ មួយរយៈធំចុងក្រោយនេះ លោក ប៊ុត សីហា ក៏មិនបានលេចឮនូវព័ត៌មានមិនល្អណាមួយទៀតដែរ តែនៅតែបន្តភាពស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈដដែល។
ដោយឡែក ថ្មីៗនេះ លោក ប៊ុត សីហា ក៏បានបង្ហាញវត្តមានជាថ្មីម្តងទៀតហើយ ក្នុងការចេញផលិតបទចម្រៀងបន្ត ដោយក្នុងនោះ លោកបានបង្ហាញពីសកម្មភាពនានានៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោក។
តួយ៉ាង ក្រោយវិលត្រឡប់មកវិញនេះដែរ លោក ប៊ុត សីហា ក៏បានទម្លាយពីរឿងអាស្រូវចុងក្រោយរបស់លោកពាក់ព័ន្ធនឹងគ្រឿងញៀន ដោយលោកត្រូវបានជាប់ពន្ធនាគារអស់រយៈពេល ១ ឆ្នាំ នឹងទើបតែបានចេញមកវិញ។
តាមរយៈវីដេអូខ្លីមួយ លោក ប៊ុត សីហា បានបញ្ជាក់ពីមូលហេតុធ្វើឱ្យលោកស្លុងចូលពាក់ព័ន្ធគ្រឿងញៀន និង ឈានដល់ជាប់ពន្ធនាគារ ព្រោះតែពេលនោះ លោកមានវិបត្តិផ្លូវចិត្ត ពាក់ព័ន្ធរឿងគ្រួសារ ហើយចំពេលមានមិត្តភក្តិប្រើប្រាស់គ្រឿងញៀន ក៏ស្លុងចិត្តទៅតាម។
មិនត្រឹមតែប៉ុណ្ណោះ លោក ប៊ុត សីហា ក៏បានភ្ជាប់នូវសារមួយឃ្លាថា៖ «ខ្ញុំចេញមក ខ្ញុំមិនបានខ្មាស និង មិនបង្ហាញនឹងភាពអាក្រក់របស់ខ្ញុំទេ។ ជាប់គុកខ្ញុំក៏ប្រាប់ ប្រើគ្រឿងញៀនខ្ញុំក៏និយាយ»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖