នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា បានបញ្ជាក់ឱ្យបានដឹងថា នៅរសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមបានជួបពិភាក្សាមួយជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តិទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។
តាមការបញ្ជាក់ពីឯកឧត្តម ជាលទ្ធផលនៃកិច្ចប្រជុំ គឺទទួលបានលទ្ធផលចំនួន ៣ ខណៈត្រង់ចំណុចទី ២ ឯកឧត្តមបានបញ្ជាក់ឱ្យបានដឹងថា ភាគីថៃ បានស្នើសុំឱ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបី ដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភា កន្លងទៅ ប៉ុន្តែភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និង ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ។
តាមរយៈកិច្ចប្រជុំ ភាគីថៃក៏បានបញ្ជាក់ និង ច្រានចោលរាល់ព័ត៌មានអុចអាល និង រុញស្ថានការណ៍ ដែលបាននឹងធ្វើឱ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និង ប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ ការលុបកិច្ចប្រជុំ JBC និង ព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ៕