នៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ នេះ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានបង្ហោះសារបញ្ជាក់ពីការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយគណនី IBoi ដែលបង្ហោះថា ៖ «Lucky ស្លាប់ដោយសារឈឺចំថ្ងៃសៅរ៍-អាទិត្យ (ពេទ្យមិនធ្វើការ) ទើបមិនបានព្យាបាល» ខណៈការផុសនេះ គឺជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ក្រុមពេទ្យសត្វដែលបានខិតខំប្រឹងប្រែងសង្គ្រោះជីវិតឡាក់គី ទាំងយប់ទាំងថ្ងៃ ដោយមិនដែលគិតពីថ្ងៃសម្រាកឡើយ។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានឱ្យដឹងថា ចាប់តាំងពីទទួលបានដំណឹងថាឡាក់គី ចាប់ផ្តើមឈឺ និង បាត់បង់ចំណង់អាហារភ្លាមៗ ក្រុមការងារបានចុះជួយអន្តរាគមន៍ភ្លាមៗ ដែលក្នុងនោះក៏មានវត្តមានលោក ស៊ីថេង នៅជាមួយរហូតផងដែរ។ ចំណែកឯខ្លឹមសារដើមនៅលើគណនី Wildlife Care គ្រាន់តែជាការបង្ហាញពីអារម្មណ៍សោកសៅមួយប៉ុណ្ណោះ ហើយពាក្យថា «ស្លាប់ដោយសារ…» គឺជាពាក្យដែលគណនី IBoi ប្រឌិតដោយខ្លួនឯងទេ។
ឯកឧត្តមបានបន្តថា ៖ «មានតែលទ្ធផលនៃកោសល្យវិច័យមួយគត់ ទើបអាចបញ្ជាក់ពីមូលហេតុពិតប្រាកដនៃជំងឺរបស់ឡាក់គីបាន។ សូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបន្ថែមបន្ថយទាំងឡាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការស្លាប់របស់ឡាក់គី ដែលនាំឱ្យមានការសន្និដ្ឋានខុស និង ការយល់ច្រឡំដូចនេះបន្តទៀត»៕