កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីអគ្គិភ័យ បានកើតឡើងនៅក្នុងវត្តល្បីមួយកន្លែងនាខេត្តប៉ាធុមថានី ប្រទេសថៃ ដែលបណ្តាលឱ្យព្រះវិហារខូចខាតស្ទើរទាំងស្រុង។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងវត្តផ្រៃហ្វា ឃុំបាងឌឿ ខេត្តប៉ាធុមថានី ដោយអគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅយប់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥។ ក្នុងនោះ អណ្តាតភ្លើងបានឆេះចេញពីក្នុងព្រះវិហារ ហើយខាងអាជ្ញាធរបានជួយអន្តរាគមន៍ដោយបានបាញ់ទឹកពន្លត់ទៅតាមបង្អួចទៅ ដោយប្រើឡានពន្លត់អគ្គិភ័យអស់ជាង ១០ គ្រឿង និង ប្រើពេលអស់រយៈពេល ៣០ នាទី ទើបពន្លត់ភ្លើងបាន។
យ៉ាងណាមិញ តាមការសាកសួរព្រះសង្ឃនៅក្នុងវត្តបានឱ្យដឹងថា វិហារនេះបានបើកធ្វើកិច្ចកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅរួចក៏បានបិទទៅវិញ រហូតមកដល់ថ្ងៃកើតហេតុ ស្រាប់តែមានធុំក្លិនឈ្ងៀមផ្សែងពីវិហារ ទើបផ្អើលឆោឡោនាំគ្នាហៅអាជ្ញាធរមកជួយ។ ដោយឡែក ផ្ទៃខាងក្នុងនៃព្រះវិហារបានខូចខាតស្ទើរទាំងស្រុង រួមមានជញ្ជាំង កង្ហារ និង ព្រះពុទ្ធរូប ហើយមកទល់ពេលនេះអាជ្ញាធរក៏កំពុងស្រាវជ្រាវរកមូលហេតុនៃអគ្គិភ័យនេះ៕
ប្រភព៖ Khaosod