សារព័ត៌មាន Sin Chew បានរាយការណ៍ពីករណីដ៏គួរឱ្យខ្លោចចិត្តមួយនៅតៃវ៉ាន់ ដែលឪពុកម្តាយបានទុកកូនប្រុសអាយុ ២ ខួបឱ្យនៅផ្ទះតែឯងសឹងតែរាល់ថ្ងៃ ទុកត្រឹមទឹកដោះគោមួយដប ចុងក្រោយកូនបាត់ស្មារតី ត្រូវចូលសង្រ្គោះបន្ទាន់។

តាមព័ត៌មានបានឱ្យដឹងថា ឪពុកម្តាយទាំងគូទើបតែទទួលកូនពីយាយនៅឯស្រុកមកវិញ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ក្រោយពីឱ្យយាយជួយមើលមួយរយៈ ដោយអះអាងថាខ្លួនមានការងាររវល់ខ្លាំង។ យ៉ាងណាមិញ ខណៈយកកូនមកវិញហើយ ឪពុកម្តាយស្រាប់តែទុកឱ្យកូននៅក្នុងផ្ទះតែម្នាក់ឯង ជាមួយនឹងទឹកគោមួយដប ដោយគ្មានអ្នកមើលថែ ឯខ្លួនក៏នាំគ្នាចេញទៅធ្វើការបាត់។ លុះដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ នៅពេលត្រឡប់មកផ្ទះវិញ ឪពុកម្តាយក៏ឃើញថាកូនសន្លប់បាត់ស្មារតី ទើបប្រញាប់បញ្ជូនកូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗ។
យ៉ាងណាមិញ ខាងគ្រូពេទ្យបានឱ្យដឹងថាក្មេងកំពុងស្ថិតក្នុងអាការទន់ខ្សោយខ្លាំងណាស់ ទើបបានបញ្ជូនទៅសង្រ្គោះបន្ទាន់។ លើសពីនេះគេសង្កេតឃើញថានៅលើខ្លួនក្មេងមានស្នាមជាំទៀត ហើយខាងឪពុកម្តាយបានសារភាពថាស្នាមជាំទាំងនោះគឺខាងញាតិមិត្តរបស់ខ្លួនបានបង្កឡើង ខណៈខ្លួនផ្ញើកូនឱ្យនៅជាមួយ។ ដោយឡែក ករណីនេះកំពុងស្ថិតក្រោមការស៊ើបពិនិត្យទៅតាមច្បាប់របស់ការិយាល័យសង្គមកិច្ចក្រុងតៃប៉ិ ប្រសិនបើការស៊ើបអង្កេតឃើញថា ឪពុកម្តាយមិនអាចផ្តល់ការមើលថែដល់កូនឱ្យបានត្រឹមត្រូវទេ គេនឹងបញ្ជូនក្មេងទៅរស់នៅកន្លែងដែលគួរសម៕
ប្រភព៖ Kapook