សារព័ត៌មាន ABEMA TIMES បានទម្លាយរឿងរ៉ាវរបស់បុរសជនជាតិជប៉ុន វ័យ ២៧ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Happy តែជីវិតបែរជាផ្ទុយពីឈ្មោះស្រឡះ ពិបាកសូម្បីតែរកការងារធ្វើ រីឯរឿងស្នេហាក៏វេទនាទៀត។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះត្រូវបានម្តាយដាក់ឈ្មោះឱ្យថា Happy ព្រោះតែនឹកឃើញដល់ក្តីសុខក្រោយពីសម្រាលរូបគេរួច។ បុរសរូបនេះបានទម្លាយថា លោកត្រូវគេមើលងាយលេងសើចទៅលើឈ្មោះតាំងពីនៅតូច ជាពិសេសគឺពេលទៅរៀន។ លុះពេលរៀនចប់ហើយ នៅពេលរកការងារធ្វើ ក៏គ្មានក្រុមហ៊ុនណាចង់បានទៀត ព្រោះតែឈ្មោះមើលទៅដូចជាឈ្មោះលេងសើចពេក។
បើនិយាយពីរឿងស្នេហាវិញ ខាងស្រីបាននាំទៅជួបឪពុកម្តាយរបស់នាង តែគ្រាន់តែពួកគាត់ឮឈ្មោះរបស់លោកហើយ ស្រាប់តែបង្ហាញការមិនពេញចិត្ត ដែលធ្វើឱ្យទំនាក់ទំនងស្នេហាមិនដែលបានទៅមុខឆ្ងាយនោះទេ។ តែយ៉ាងណាក៏ដោយ បុរសរូបនេះបានឱ្យដឹងថា ខ្លួនមិនដែលអន់ចិត្តនឹងម្តាយដែលដាក់ឈ្មោះនេះឱ្យនោះទេ ហើយបើទោះជាគ្មានការងារ ពេលនេះបុរសរូបនេះក៏បានសម្រេចចិត្តរកស៊ី ហើយក៏ឃើញថាជីវិតកាក់កបជាងមុនដែរ៕
ប្រភព៖ Khaosod