មានករណីដ៏មិននឹកស្មានមួយបានកើតឡើងនៅប្រទេសតាជីគីស្ថាន ដែលមានក្មេងអាយុ ២ ឆ្នាំម្នាក់ បានស្លាប់នៅឯសាលាមត្តេយ្យ ខណៈពេលកំពុងដេកថ្ងៃ ដោយសារជាប់ក្បាលជាមួយនឹងបង្កាន់ដៃគ្រែ ហើយមិនមានគ្រូមកមើលទាន់ពេលវេលា។
ហេតុការណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ បើតាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញថា ក្មេងតូចរូបនេះបានដេកនៅលើគ្រែពីរជាន់ ដែលរូបគេបានដេកនៅជាន់ខាងលើ។ ដំបូងឡើយ កំពុងដេកសុខៗ គេក៏បានធ្លាក់ជើងចូលទៅក្នុងប្រឡោះបង្កាន់ដៃគ្រែ ហើយក៏ព្យាយាមទាញខ្លួនឡើងមកវិញ តែបែរជាកាន់តែរអិលទៅ ហើយក៏ជាប់ក្បាលនៅនឹងបង្កាន់ដៃនោះ រីឯខ្លួនព្យួរចុះទៅខាងក្រោម។ ក្មេងរូបនេះបានព្យាយាមរកជំនួយដែរ តែមិនមានគ្រូណាម្នាក់នៅក្នុងបន្ទប់ឡើយ។
យ៉ាងណាមិញ មួយសន្ទុះក្រោយមកក៏មានបុគ្គលិកស្រីម្នាក់ចូលមកឃើញ ហើយក៏បានបញ្ជូនក្មេងទៅកាន់មន្ទីរពេទ្យ តែជាអកុសលគេបានបាត់បង់ជីវិតទៅហើយ។ ដោយឡែក ខាងអាជ្ញាធរពាក់ព័ន្ធកំពុងរៀបចំដំណើរក្តីជាមួយនឹងគ្រូបង្រៀន និង បុគ្គលិកទាំងឡាយក្នុងសាលានោះ ហើយបើសិនជាគេរកឃើញថាមានកំហុសពិតមែន នោះអាចនឹងមានការជាប់ពន្ធនាគាររហូតដល់ទៅ ៥ ឆ្នាំ៕
ប្រភព៖ Sanook