នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ តាមរយៈប្រភពព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ជនសង្ស័យម្នាក់ ដែលបានសម្លាប់ស្ត្រីម្នាក់ដែលជា CO នៅខេត្តកំពង់ធំ បានរត់គេចខ្លួនបម្រុងចូលទៅប្រទេសថៃ តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅក្រុងប៉ៃលិន ដោយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តកំពង់ធំ និង នគរបាលខេត្តប៉ៃលិន នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ទាក់ទិនទៅនឹងករណីឃាតកម្មដ៏ព្រៃផ្សៃនេះ សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ រួចយកសាកសពទៅកប់នៅដីមួយកន្លែងក្បែរផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមប្រភពបានឱ្យដឹងថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ជនរងគ្រោះបានមកទារប្រាក់ពីម្តាយរបស់ខ្លួន ប៉ុន្តែម្តាយមិននៅ បន្ទាប់មកខ្លួនបានលួងលោមជនរងគ្រោះឱ្យចូលទៅខាងក្នុងផ្ទះ រួចខ្លួនបានធ្វើសកម្មភាពចាប់ខ្ទប់មុខ និង វាយសម្លាប់ ហើយក៏បានរំលោភសាកសពជនរងគ្រោះ ក្រោយមកក៏បានយកសាកសពទៅកប់ក្នុងគោលបំណងបំបាត់ដាន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបំពេញសំណុំរឿងតាមនីតិវិធី ចាត់ការបន្ដតាមច្បាប់៕


ប្រភព ៖ Huy Bunleng News