ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តចិនមួយក្រុម បានបង្ហាញពីការផលិតថ្មីរបស់ខ្លួន ដែលជាកាវអស្ចារ្យ អាចភ្ជាប់ឆ្អឹងដែលបាក់ហើយឱ្យជាប់គ្នាវិញបានក្នុងរយៈពេលត្រឹម ៣ នាទី ដោយមិនចាំបាច់ត្រូវការការវះកាត់ដូចមុនឡើយ។
តាមព័ត៌មានបានឱ្យដឹងថា កាវខាងលើនេះមានឈ្មោះថា Bone-02 វាមានលក្ខណៈអស្ចារ្យជាច្រើនដូចជា អាចភ្ជាប់ឆ្អឹងឱ្យជាប់គ្នាវិញបានយ៉ាងរហ័សត្រឹមតែ ៣ នាទី ទោះបីជានៅកន្លែងដែលឈាមកំពុងហូរក៏ដោយ ហើយវាអាចរលាយទៅវិញដោយខ្លួនឯង នៅពេលដែលឆ្អឹងជាប់គ្នាវិញ ដោយមិនចាំបាច់ឆ្លងកាត់ការវះកាត់ច្រើនដងនោះទេ។ ក្រុមអ្នកវិទ្យាសាស្រ្ត ក៏បានសិក្សាទៅលើអ្នកជំងឺបាក់ឆ្អឹងកដៃផងដែរ ដោយគេបានដាក់កាវនេះតាមរយៈស្នាមវះតូចប្រវែង ៣ សង់ទីម៉ែត្រ ហើយធ្វើការតាមដានជាប់ចំនួន ៣ ខែ ក៏បានឃើញថាឆ្អឹងបានជាសះស្បើយឡើងវិញជាធម្មតាដោយគ្មានការប៉ះពាល់អ្វីឡើយ។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងទៀតថា ការផលិតកាវនេះ គឺបានការបំផុសគំនិតមកពីធម្មជាតិ ជាពិសេសគឺការសិក្សាទៅលើជីវជាតិស្អិតរបស់អយស្ទ័រ ដែលមានសារធាតុ adhesive នាំឱ្យសំបកស្អិតជាប់គ្នាបានល្អ ទោះបីជានៅក្នុងកន្លែងសើមក៏ដោយ។ ដោយឡែក ព័ត៌មានទាំងអស់នេះ គឺផ្អែកពីក្រុមស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិនប៉ុណ្ណោះ ហើយកាវនេះអាចត្រូវការសាកល្បងបន្ថែម និងត្រូវការការទទួលស្គាល់ពីផ្នែកវេជ្ជសាស្រ្តអន្តរជាតិ៕