ការយំជាការឆ្លើយតបធម្មជាតិរបស់មនុស្ស ដែលត្រូវមានសម្រាប់បញ្ចេញអារម្មណ៍។ ការយំខូចចិត្តព្រោះរឿងស្នេហា មនុស្សគ្រប់គ្នាអាចមើលមកជាសញ្ញាទន់ខ្សោយ ប៉ុន្តែបើតាមវិទ្យាសាស្ត្រ វាមានប្រយោជន៍ច្រើនយ៉ាង រាប់តាំងពីជួយដល់ផ្លូវអារម្មណ៍ ការឈឺចាប់ និង ផ្នែកសំខាន់ៗជាច្រើនទៀត។
១. ប្រសិទ្ធភាពបន្ធូរអារម្មណ៍៖ វាអាចជួយឱ្យគ្រប់គ្រងអារម្មណ៍បានប្រសើរឡើងវិញ ធ្វើឱ្យចិត្តស្ងប់ និង កាត់បន្ថយស្ត្រេស។ តាមប្រភពសិក្សាមួយនៅក្នុងឆ្នាំ ២០១៤ គេរកឃើញថា ការយំនឹងរំញោចឱ្យប្រព័ន្ធសរសៃប្រសាទសកម្ម ជួយឱ្យអារម្មណ៍ធូរស្បើយ មានអារម្មណ៍សម្រាកល្អ។
២. បន្ថយភាពឈឺចាប់៖ ទន្ទឹមនឹងការបង្ហូរទឹកភ្នែក ការយំនឹងបញ្ចេញអ័រម៉ូនរីករាយពីរគឺ អ័រម៉ូន Oxytocin និង អ័រម៉ូន endorphins។ សារធាតុគីមីពីរនេះធ្វើមនុស្សមានអារម្មណ៍ល្អ និង ជួយបន្ថយការឈឺចាប់ទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ជាពិសេស ជំរុញឱ្យអារម្មណ៍មានថាមពលឡើងវិញ។
៣. ជួយឱ្យគេងលក់ស្រួល៖ ការសិក្សាមួយនៅក្នុងឆ្នាំ ២០១៥ បានរកឃើញថា ការយំអាចជួយឱ្យទារកគេងលក់ស្រួលជាងមុន។ ហើយសូម្បីមនុស្សធំក៏ត្រូវបានរាប់បញ្ចូលផងដែរ។ ជាមួយអារម្មណ៍សម្រាក ថាមពលផ្លូវចិត្ត សម្រួលការឈឺចាប់ វាមានប្រយោជន៍ចម្បងសម្រាប់ដំណេកនេះឯង។
៤.ប្រឆាំងបាក់តេរី៖ ការយំអាចជួយសម្លាប់មេរោគ និង រក្សាភ្នែកឱ្យស្អាត ខណៈដែលទឹកភ្នែកមានផ្ទុកនូវអង់ស៊ីមម្យ៉ាងហៅថា lysozyme។ អង់ស៊ីមនេះមានសមត្ថភាពខ្លាំង ដើរតួជាអ្នកសម្លាប់មេរោគ រួមទាំងកាន់បន្ថយប្រឈមការកើតជំងឺភ្នែកផ្សេងៗ។
៥. បង្កើនការមើលច្បាស់៖ ទឹកភ្នែក Basal tears តែងបញ្ចេញរាល់ពេលប៉ប្រិចភ្នែក វាធ្វើឱ្យភ្នែកមានសំណើម និង ការពារភ្នាសមិនឱ្យស្អួត។ ដូច្នេះនៅពេលទឹកភ្នែកបញ្ចេញមកច្រើន វានឹងធ្វើឱ្យភ្នែកមើលឃើញកាន់តែច្បាស់ ខណៈភ្នែកស្ងួត វាធ្វើឱ្យកម្រិតមើលឃើញក្លាយជាព្រាលទៅវិញ។
៦. ទទួលបានការគំាទ្រពីអ្នកដទៃ៖ ខណៈដែលការយំជួយបន្ធូរអារម្មណ៍ វាក៏ជាសកម្មភាពមួយ ដែលធ្វើឱ្យអ្នកដទៃចូលមកគាំទ្រ និង លើកទឹកចិត្ត ដែលនេះត្រូវបានស្គាល់ថា ជាផលប្រយោជន៍អន្តរបុគ្គល ឬបង្កើតភាពស្និទ្ធស្នាលសង្គម។ ជួនអាចមានអ្នកថ្មីចូលមកលួងលោម ឆាប់បានអ្នកប៉ះប៉ូវបេះដូងផងដែរ៕
ប្រភព៖ Medicalnewstoday