នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបទៅនឹងសំណួរប្រចាំខែឧសភា ដែលបានសួរថា ៖ «តើផ្លាកលេខ “រាជធានី-ខេត្ត” អាចប្ដូរមក “កម្ពុជា” សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត ឬ ម៉ូតូកង់បួនបានដែរឬទេ? តម្រូវឱ្យមានឯកសារអ្វីខ្លះ? និង តម្លៃប៉ុន្មាន?»។
ចំពោះចម្ងល់ទាំងអស់នេះ ទំព័រហ្វេសប៊ុកផេករបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបឱ្យដឹងថា ករណីនេះគឺអាចស្នើសុំប្ដូរបាន ដោយត្រូវបំពេញបែបបទស្នើសុំរក្សាទុកលេខចុះបញ្ជី «រាជធានី-ខេត្ត» ហើយត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម៖
– ពាក្យសុំរក្សាទុកលេខចុះបញ្ជីយានជំនិះ
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (លើកលែងទោចក្រយានយន្ត)
– អត្តសញ្ញាណម្ចាស់កម្មសិទ្ធិ៖
១. រូបវន្តបុគ្គល
– ពលរដ្ឋខ្មែរ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– ជនបរទេស ៖ លិខិតឆ្លងដែន និង ទិដ្ឋាការមានសុពលភាព និង លិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន (ច្បាប់ដើមចេញដោយស្ថាប័នមានសមត្ថកិច្ច)
២. នីតិបុគ្គល៖
– វិញ្ញាបនបត្រចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និង ប័ណ្ណប៉ាតង់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច)
– ប័ណ្ណសម្គាល់យានជំនិះចាស់ និង ស្លាកលេខសម្គាល់យានជំនិះ (ច្បាប់ដើម)
ដោយឡែក ចំពោះកម្រៃសេវាមានដូចខាងក្រោម ៖
– ចុះបញ្ជីលេខពិសេស តម្លៃ ១២០.០០០ រៀល
– រក្សាទុកលេខរាជធានី-ខេត្ត តម្លៃ ១.០០០.០០០៛។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទាក់ទងទៅកាន់លេខ ១២៧៥៕