នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នេះ ប៉ូលិសខាងផ្នែកបច្ចេកវិទ្យានៅថៃ បានរាយការណ៍ពីការចាប់ក្របួចអ្នកប្រដាល់ល្បីម្នាក់ ដែលបានទាក់ទងនឹងការបង្កើតវេបសាយល្បែងអនឡាញ មានតម្លៃជាង ១០០ លានបាត។

ក្នុងនោះ អាជ្ញាធរផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (TCSD) បានទម្លាយឱ្យដឹងថា គេបានឃាត់ខ្លួនអ្នកប្រដាល់ម្នាក់ឈ្មោះថា Wiraphong ដែលជាម្ចាស់ជើងឯកទម្ងន់ Super Flyweight ជាមួយនឹងបក្សពួកចំនួន ៧ នាក់ទៀត ទាក់ទងនឹងការបង្កើត និងគ្រប់គ្រងវេបសាយល្បែងអនឡាញ នៅឯខេត្តឈុនបុរី និងខេត្តឡាំពូន។

វេបសាយខាងលើនេះ ត្រូវបានឱ្យដឹងថាបង្កើតមកជាង ៣ ឆ្នាំហើយ ដោយរកចំណូលបានជាង ១០០ លានបាតឯណោះក្នុងមួយឆ្នាំ។ អាជ្ញាធររឹបអូសភ័ស្តុតាងជាច្រើនដូចជា កាត ATM ចំនួន ១៥, ទូរស័ព្ទដៃចំនួន ១០ គ្រឿង, សៀវភៅធនាគារចំនួន ១៦ ក្បាល, កុំព្យូទ័រ និងឧបករណ៍ផ្សេងៗចំនួន ៣ ឈុត។ យ៉ាងណាមិញ ជនសង្ស័យទាំង ៨ នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ហើយចោទប្រកាន់ពីបទបង្កើតល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានអាជ្ញាប័ណ្ណ និងការរួមគ្នាលាងលុយកខ្វក់ផងដែរ៕


ប្រភព៖ Khaosod