នាពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាជជែកវែកញែក ទៅលើការបើកឱ្យចូលទស្សនាអាកាសយានដ្ឋានថ្មីអន្តរជាតិតេជោ ដែលបានធ្វើការសម្ពោធដាក់ដំណើរការ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។ ដោយឡែក ក្រោយពីការបើកសម្ពោធ យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីគ្រប់វ័យ បានចូលទៅទស្សនាដើម្បីបានឃើញសមិទ្ធផលថ្មីរបស់មាតុភូមិខ្លួន ខណៈសកម្មភាពនេះ ត្រូវបានមហាជនមួយចំនួនតូចលើកឡើងនិងជជែកវែកញែកពីភាពអវិជ្ជមានមួយចំនួនតូចទៅវិញ។
យ៉ាងណាមិញ ទន្ទឹមទៅនឹងការជជែកវែកញែកនេះ អ្នកនិពន្ធ ម៉ីសន សុធារី បានបង្ហោះសារបញ្ចេញជាមតិឱ្យដឹងថា ៖ «សមិទ្ធផលជាតិ មិនមែនទុកសម្រាប់តែអ្នកមានទេ ប៉ុន្តែជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប។ ការដែលប្រជាពលរដ្ឋពីតំបន់ជនបទមកទស្សនាអាកាសយានដ្ឋានថ្មីអន្តរជាតិតេជោ ជាការប្រើប្រាស់សិទ្ធិពេញលេញរបស់គាត់»។
អ្នកនិពន្ធដ៏មានទេពកោសល្យ និង មានប្រជាប្រិយភាពលើវិស័យតែងនិពន្ធរូបនេះ បានបន្ថែមឱ្យដឹងថា ៖ «កិច្ចអភិវឌ្ឍណាក្តីដែលមានចរិតរើសអើងនឹងម្ចាស់ស្រុក ឬ ជនជាតិដើម ជាការបំពានសិទ្ធិ ដូច្នេះការបើកឱ្យចូលទស្សនា TechoAirport ជារឿងត្រឹមត្រូវ»៕