នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានឱ្យដឹងនៅក្នុងកិច្ចប្រជុំរបស់មជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការពិសេសក្នុងការគ្រប់គ្រងព្រំដែនកម្ពុជា-ថៃ ថា ប្រទេសថៃមិនបានបិទព្រំដែនឡើយ គឺគ្រាន់តែគ្រប់គ្រងចំនួនមនុស្សចេញចូល និង កែសម្រួលម៉ោងបិទបើកប៉ុណ្ណោះ។
លោកស្រី Maratee Nalita Andamo អគ្គនាយករងនៃនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេសរបស់ថៃ បានឱ្យដឹងក្នុងកិច្ចប្រជុំថា ប្រទេសថៃមិនដែលបិទព្រំដែនឡើយ ចំណែកវិធានការណ៍កំពុងតែអនុវត្តនាពេលបច្ចុប្បន្ននេះ គឺដើម្បីគ្រប់គ្រងមនុស្សចេញចូល ក៏ដូចជាកែសម្រួលម៉ោងដើម្បីបិទ និង បើកព្រំដែន។
យ៉ាងណាមិញ ផ្នែកសន្តិសុខជាតិថៃបានឱ្យដឹងដែរថា នឹងមិនបិទច្រកព្រំដែនទាំងអស់នោះទេ តែនឹងមានវិធានការណ៍ទប់ស្កាត់ចំនួន ៤ ជំហានដូចជា៖ កំណត់ការចេញចូលសម្រាប់តែអ្នកចាំបាច់ កាត់បន្ថយពេលវេលាបើកបិទ បិទច្រកមួយចំនួនទៀតបើចាំបាច់ និង បិទច្រកទាំងអស់បើសិនជាមានវិបត្តិណាមួយកើតឡើង ហើយបច្ចុប្បន្ននេះ គឺនៅត្រឹមតែជំហានទី ១ និង ទី ២៕
ប្រភព៖ Khaosod