អ្នកធ្វើការក្នុងអូហ្វីសឬការិយាល័យ តែងភ្លេចខ្លួនធ្វើទម្លាប់ច្រើនយ៉ាងដែលកំពុងតែបង្កហានិភ័យចំពោះសុខភាព ក៏ដូចជាអាយុជីវិតរបស់ខ្លួន។ ឃើញស្លៀកពាក់ស្អាតបាត ធ្វើការតែមួយកន្លែង តែអ្នកដែលធ្វើការបែបនេះហើយ ដែលងាយបង្កើតទម្លាប់អាក្រក់បំផុត។ ដូច្នេះបើមានទម្លាប់ទាំងនេះនៅកន្លែងធ្វើការ អ្នកគួរប្រញាប់កែប្រែជាបន្ទាន់ ពុំដូច្នោះទេ អ្នកនឹងប្រឈមអាយុខ្លីមិនខាន៖
១. អង្គុយស្ងៀមមួយកន្លែង
ការទម្លាប់អង្គុយជាប់រយៈពេលយូរ ឬកង្វះការធ្វើសកម្មភាពរាងកាយស្ទើរពេញមួយថ្ងៃ វាអាចបង្កើនហានិភ័យប្រឈមដូចជា៖ ឡើងទម្ងន់, កើតជំងឺទឹកនោមផ្អែម, កើតជំងឺសរសៃឈាមបេះដូង និងជំងឺរុំារ៉ៃជាច្រើនទៀត។ អ្វីដែលអាចជួយបាន ត្រូវឧស្សាហ៍ធ្វើសកម្មភាពដើរចុះឡើង ក្រោកឈរពត់ពែនខ្លួន ឬផឹកទឹកឱ្យបានច្រើនដើម្បីបានដើរចុះឡើងទៅបន្ទប់ទឹក។
២. ឥរិយាបថអង្គុយមិនត្រឹមត្រូវ
ការអង្គុយខ្ពស់ពេក អង្គុយទាបពេក អង្គុយវៀចខ្លួន ឬប្រើតុកៅអីធ្វើការមិនត្រឹមត្រូវតាមស្តង់ដា អាចប្រឈមបញ្ហាសន្លាក់ឆ្អឹងផ្សេងៗរួមមាន៖ ឈឺឆ្អឹងខ្នង ឈឺឆ្អឹងក និងខូចសន្លាក់។
៣. ទម្លាប់ញុំាអាហារមិនល្អ
អ្នកធ្វើការអូហ្វីសច្រើនតែញុំាអាហារសម្រន់ឆ្ងាញ់មាត់ ឬអាហារណាដែលគ្រាន់តែចម្អែតមួយពេលៗ ដូចជា ភេសជ្ជៈផ្អែម និងពពួកអាហាររហ័ស ដែលវាអាចបណ្តាលឱ្យឡើងទម្ងន់ កើតបញ្ហាប្រព័ន្ធមេតាប៉ូលីស និងបញ្ហាសរសៃឈាមបេះដូង។ បើអ្នកមានទម្លាប់នេះ គួរផ្លាស់ប្តូរមកអាហារដែលល្អចំពោះសុខភាព និងអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមវិញទើបប្រសើរ។
៤. ទម្លាប់ស្ត្រេស
ការទម្លាប់ធ្វើការបែបស្ត្រេស ហើយស្ត្រេសរុំារ៉ៃ ដោយមិនរិះរកវិធីដោះស្រាយឱ្យប្រសើរឡើង វានឹងប្រឈមបញ្ហាទាំងរាងកាយ និងខួរក្បាល។ ជាក់ស្តែង ស្ត្រេសរុំារ៉ៃអាចបង្កើនការប្រឈមខ្ពស់នូវបញ្ហារួមមាន៖ ជំងឺថប់បារម្ភ, ជំងឺបាក់ទឹកចិត្ត, ជំងឺលើសឈាម និងជំងឺបេះដូងជាដើម។ គួរបង្កើតយុទ្ធសាស្ត្រការងារឡើងវិញ បង្កើតបរិយាកាសការងារដែលជំរុញដល់អារម្មណ៍ធ្វើការ ហើយចុងសប្តាហ៍គួរឆ្លៀតចេញទៅបន្ធូរអារម្មណ៍នៅកន្លែងស្រស់ស្រាយ និងជួបមនុស្សថ្មីៗបង្កើតទំនាក់ទំនងច្រើនទើបប្រសើរ។
៥. ធ្វើការលើសម៉ោង
ការធ្វើការច្រើនម៉ោង ឬថែមម៉ោងជាប្រចាំអាចប៉ះពាល់ដល់ដំណេក ជួនកើតជាទម្លាប់គេងមិនលក់ទៀតផង។ សកម្មភាពនេះអាចប៉ះពាល់ដល់មុខងារខួរក្បាលដូចជា៖ ការគិត, អារម្មណ៍, មុខងារប្រព័ន្ធការពាររាងកាយ និងសុខភាពទូទៅ។ គួររៀបចំកាលវិភាគការងារឡើងវិញ និងត្រូវចេះបត់បែន ដើម្បីមានពេលគ្រប់គ្រាន់សម្រាប់គេង៕