ជារឿងដ៏គួរសោកសៅមួយ ដោយនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដី បុកជាមួយនឹងរថយន្តកងកម្លាំង PM ចល័ត បណ្ដាលឱ្យកងកម្លាំងបាត់បង់ជីវិតចំនួន ៤ នាក់ នៅកន្លែងកើតហេតុ ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតន:គិរី។
អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ ម្នាក់ក្នុងចំណោមកងកម្លាំងដែលបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះ ប្រាក់ ស័ក្ខី គឺទើបតែភ្ជាប់ពាក្យជាមួយនឹងមនុស្សជាទីស្រឡាញ់នាពេលថ្មីៗនេះ នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៥ បច្ចុប្បន្នបែរត្រូវព្រហ្មលិខិតពង្រាត់ដោយក្ដីខ្លោចផ្សារបែបនេះ ពិតជាឈឺចាប់នឹកស្មានមិនដល់។
ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ដែលទើបក្រាបសំពះភ្ជាប់ពាក្យជាមួយគ្នាថ្មីៗ ស្ត្រីដែលជាគូដណ្ដឹងបានត្រឹមបង្ហោះសារជូនដំណឹងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ឱ្យបានដឹងថា ៖ «សពប្ដីនាងខ្ញុំ ប្រាក់ ស័ក្ខី នឹងត្រូវហែឡេីងមេននៅម៉ោង ៣ រសៀល បូជានៅល្ងាចថ្ងៃនេះ ម៉ោង ៥:០០ នាទីនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង សូមបងប្អូនជិតឆ្ងាយចូលរួមជូនគាត់ជាលេីកចុងក្រោយ»។
ដោយក្ដីអាល័យ ម្ចាស់គណនីដែលមានឈ្មោះ Ma Nita បានបង្ហោះរូបភាពដ៏មានសុភមង្គលចុងក្រោយជាមួយគ្នាភ្ជាប់ជាមួយសារថា ៖ «ប្ដីដឹងអត់រង្វង់ដៃប្ដីកក់ក្ដៅប៉ុនណា សំឡេងប្ដីពីរោះ និយាយតិចៗថាស្រលាញ់ប្រពន្ធ ប្ដីថេីបក្បាលអូនថ្នមៗ ហេីយថាប្រពន្ធណាគេក្រអូបម៉េស ជាតិនេះបងជាប្ដីល្អ អូនផ្សងណា៎អូនសុំធ្វេីប្រពន្ធបងគ្រប់ៗជាតិ»៕