ជាការពិតណាស់ មិនត្រឹមតែទទួលបានប្រជាប្រិយភាពក្នុងការច្រៀង និង និពន្ធ តែម្យ៉ាងនោះទេ កំលោះសង្ហាកូនអ្នកខេត្តសៀមរាប លោក នរិទ្ធ ក៏ត្រូវបានអ្នកគាំទ្រ ជាពិសេស ហ្វេននារីៗ ចាប់អារម្មណ៍ខ្លាំងនឹងជីវិតឯកជនរបស់លោក ជាពិសេស ពាក់ព័ន្ធនឹងរឿងរ៉ាវបេះដូងតែម្តង។

យ៉ាងណាមិញ កន្លងមក តារាចម្រៀងប្រុសប្រចាំផលិតកម្មបារមី លោក នរិទ្ធ ក៏មិនដែលបង្ហើបថាមានម្ចាស់បេះដូងនោះទេ ខណៈអ្នកគាំទ្របាន Ship លោកនឹងតារាស្រីនេះ នឹងតារាស្រីនោះជាបន្តបន្ទាប់។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយពីបានបញ្ចេញ MV ចម្រៀង «ម៉េចចឹង?» លោក នរិទ្ធ ត្រូវបានអ្នកគាំទ្រចាប់ផ្គូផ្គងលោកនឹងតួឯកស្រីក្នុង MV ខាងលើនេះ គឺកញ្ញា ហ្វុង។ យ៉ាងណាមិញ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ស្របពេលមានការចាប់គូចុះឡើងនោះ ខាងស្រី គឺស្រីស្អាត ហ្វុង បានឱ្យដឹងថា នាង និង លោក នរិទ្ធ គឺជាបងប្អូនជីដូនមួយនឹងគ្នាទេ។

គួរឱ្យដឹងថា ស្រីស្អាត ហ្វុង តួឯកក្នុង MV «ម៉េចចឹង?» គឺជាប្អូនជីដូនមួយរបស់លោក នរិទ្ធ ហើយនាងក៏ជាតារាម៉ូដែលមួយរូបផងដែរ ដោយកន្លងមក នាងបានបង្ហាញវត្តមានក្នុងការថតផ្សព្វផ្សាយផលិតផល និង សម្លៀកបំពាក់ទៀតផង៕







