នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងពីការរៀបចំពិធីបណ្តែតប្រទីប និងបង្ហោះគោម ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៥-៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។

រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា ឆ្នាំនេះរដ្ឋបាលខេត្ត ពុំមានរៀបចំពិធីប្រណាំងទូកនៅខេត្តដូចបណ្តាឆ្នាំមុនៗទេ តែនឹងមានរៀបចំពិធីបណ្តែតប្រទីប និង បង្ហោះគោម រយៈពេលបីរាត្រីគឺនៅថ្ងៃទី ៤-៥-៦ ខែវិច្ឆិកាឆ្នាំ ២០២៥ ចាប់ពីម៉ោ ង៦:០០ នាទីល្ងាចតទៅ នៅបរិវេណសួនមាត់ស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ការរៀបចំនេះផងដែរ ធ្វើឡើងដើម្បីថែរក្សាការពារ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អ ផូរផង់ និង សម្តែងការរំឭកដល់គុណនៃព្រះគង្គា និង ព្រះធរណី ដែលបានផ្តល់នូវសេចក្តីសុខ សប្បាយ ភោគផល ក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ៕

