និយាយពីបវរកញ្ញា អ៊ិន លក្ខិណា ចាប់តាំងពីទទួលបានតំណែងជា Miss Cosmo Cambodia 2024 និង ជា Top 10 នៃកម្មវិធី Miss Cosmo 2024 មក នាងបានក្លាយជាបវរកញ្ញាមានសក្ដានុពលក្នុងចិត្តមហាជន កន្លងប៉ុន្មានឆ្នាំមកនេះ មានអ្នកគាំទ្រជាច្រើនតាមដានសកម្មភាពនាងមិនថាចូលរួមកម្មវិធីបវរកញ្ញា ឬ កម្មវិធីផ្សេងៗទាំងក្នុង និង ក្រៅប្រទេស។
ដ្បិតតែ ទទួលបានត្រឹម Top 10 ក្នុងកម្មវិធីអន្តរជាតិ Miss Cosmo 2024 មែន ប៉ុន្តែឃើញថាបវរកញ្ញាកម្ពុជាដ៏លេចធ្លោរូបនេះ ហាក់មានឥទិ្ធពលខ្លាំងមិនចាញ់ម្ចាស់ជ័យលាភីគ្រងមកុដឡើយ ដែលនាងអាចឆក់បានការស្រឡាញ់ពេញចិត្តខ្លាំងពីអ្នកគាំទ្រនៅក្រៅស្រុក និង មានការងារយ៉ាងសកម្មលើឆាកអន្តរជាតិ Miss Cosmo នៅឯប្រទេសវៀតណាមជាហូរហែទៀតផង។
ដោយឡែក មកដល់ថ្មីៗនេះ ស្របពេលបវរកញ្ញា អ៊ិន លក្ខិណា បង្ហាញសកម្មភាពវីដេអូក្នុងកម្មវិធី Fashion Show មួយនៅប្រទេសវៀតណាម ដែលបានអញ្ជើញនាងចូលរួមដើរម៉ូដជាថ្មីនោះ ក៏បានឃើញមានអ្នកលេងបណ្ដាញសង្គមម្នាក់បញ្ចេញមតិ លើរូបសម្រស់របស់នាង ដែលថាឱ្យនាងមុខអ៊ីចឹងសោះខាងវៀតណាមចេះតែហៅទៅដើរម៉ូដទៀតផង។
ខណៈបានឃើញការបញ្ចេញមតិបែបនេះ បវរកញ្ញា អ៊ិន លក្ខិណា ក៏បានចេញវីដេអូនិយាយឆ្លើយតបទៅកាន់អ្នកលេងបណ្ដាញសង្គមរូបនោះវិញ ដោយនាងថាទទួលស្គាល់ខ្លួនឯងមិនស្អាត ប៉ុន្តែនាងស្រឡាញ់ខ្លួនឯង និង មានអ្នកគាំទ្រជាច្រើនស្រឡាញ់គាំទ្រនាងខ្លាំង ជាពិសេសគឺនាងហ៊ាននិយាយថាខាងវៀតណាម ឱ្យតែមានកម្មវិធីបង្ហាញម៉ូដ គឺមិនដែលភ្លេចនាងឡើយ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖